កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅលើទីផ្សារជប៉ុនក្នុងពិព័រណ៍កម្ពុជានៅប្រទេសជប៉ុន
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រសួងទេសចរណ៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបានដឹកនាំក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកឯកជនចូលរួមកម្មវិធីពិព័រណ៍កម្ពុជា Cambodia Festival 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥)។

ក្រសួងទេសចរណ៍បន្តថា មួយវិញទៀត ពិព័រណ៍នេះក៏ដើម្បីផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»ផងដែរ។
បើតាមក្រសួងទេសចរណ៍កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣ មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ៖ «ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់»។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណា ប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភាថា ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក្នុងកម្រិតណាមួយក៏ដោយ សុទ្ធសឹងតែមានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ ទោះជាយ៉ាងណា ក៏កុំរំពឹងខ្ពស់ពេកក្នុងការទាក់ទាញទេសចរឱ្យមកកម្សាន្តនៅក្នុងប្រទេសច្រនដែរ។
លោកពន្យល់ថា ៖ «រាល់ព្រឹត្តិការណ៍ដែលរៀបចំនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីប្រាប់ឱ្យគេស្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងកម្រិតណាមួយ ក្រោយពីបត្តិជំងឹកូវីដ១៩»។
យ៉ាងណានេះក្តី លោក ធួន ស៊ីណា មើលឃើញថា ទេសចរជប៉ុនរហូតមកទល់ពេលនេះ មិនទាន់មានសន្ទុះនៅឡើយទេចាប់តាំងពីឆ្នាំ ២០១៧ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២, ២៧៦, ៦២៦ នាក់ កើនឡើង១០៥៨.៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន ២៩, ៧៣៣ នាក់ មានការកើនឡើង ១៣៧៨.៥ភាគរយ បើធៀបនឹងឆ្នាំ២០២១។
របាយការណ៍បន្តថា ដោយឡែកត្រឹមរយៈពេលពីរខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណប្រាំពីរម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣៕

ដោយ៖គឹម យុត្ថារ៉ូ