អ.ស.ប៖ មនុស្សប្រមាណ ២៥៨លាននាក់ ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ក្នុងឆ្នាំ២០២២

ប៉ារីស៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សប្រហែល២៥៨លាននាក់បានត្រូវការជំនួយស្បៀងអាហារជាបន្ទាន់នៅក្នុងឆ្នាំ២០២២ ដោយសារតែជម្លោះ, វិបត្តិសេដ្ឋកិច្ច និងគ្រោះមហន្តរាយអាកាសធាតុ ខណៈតួលេខនេះបានកើនឡើងលើស១៩៣លាននាក់កាលពីឆ្នាំ២០២១។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា មនុស្សជាងមួយភាគបួននៃមួយពាន់លាននាក់ឥឡូវនេះកំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយថា បញ្ហានេះគឺជាការបរាជ័យរបស់មនុស្សជាតិ ក្នុងការបញ្ចប់ភាពអត់ឃ្លាន និងធ្វើឱ្យសន្តិសុខស្បៀង ព្រមទាំងអាហារូបត្ថម្ភកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។

របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២២ មនុស្សប្រមាណ២៥៨លាននាក់បានប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរនៅក្នុងប្រទេសចំនួន ៥៨ ឬដែនដី ដែលកើនឡើងពី១៩៣លាននាក់ក្នុង៥៣ប្រទេសកាលពីឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែល ជាង៤០ភាគរយនៃអ្នកទាំងនោះ រស់នៅក្នុងប្រទេសដែលហែកហួរដោយសារជម្លោះ មានដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី អាហ្វហ្គានីស្ថាន នីហ្សេរីយ៉ា និងយេម៉ែន។

នៅក្នុងប្រទេសចំនួន ៥៨ ដែលរួមបញ្ចូលក្នុងរបាយការណ៍នេះ កុមារជាង៣៥លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ បានជួបបញ្ហាកង្វះអាហារូបត្ថម្ភ និងស្គមរីងរៃដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

យ៉ាងណាមិញ តួលេខសរុបនៃប្រជាជនដែលត្រូវការជំនួយស្បៀងយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះបានកើនឡើងជាលើកទីបួនជាប់ៗគ្នា។ របាយការណ៍នេះបានចាត់ថ្នាក់ពួកគេនៅក្នុងស្ថានភាពនៃវិបត្តិ និងគ្រាអាសន្ន ឬ គ្រោះមហន្តរាយដ៏អាក្រក់បំផុត៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner