សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Video Inside)

អត្ថបទដោយ៖
Apsara Net

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ឬកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រកាសបើកនាយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ បណ្ឌិត ថងលូន ស៊ីសុលីត បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនេះ ក្រោមការចូលរួមពីមនុស្សច្រើនម៉ឺននាក់យ៉ាងកុះករ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិលើកដំបូងហើយរបស់កម្ពុជា ក្រោយការរង់ចាំរយៈពេល ៦៤ឆ្នាំកន្លងមកនេះ។

កម្ពុជាដែលជាសមាជិកអាស៊ាន ជាច្រើនដងរួចមកហើយ បានបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកីឡាស៊ីហ្គេមនេះ ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការត្រៀមរៀបចំលក្ខណៈធ្វើការប្រកួត និងម្យ៉ាងទៀតដោយសារតែកម្ពុជា មានតម្រូវការសន្សំថវិកា ដើម្បីផ្តោតលើការអភិវឌ្ឍន៍លើវិស័យចាំបាច់ជាបន្ទាន់ជាងនេះ បន្ទាប់ពីប្រទេសអស់សង្គ្រាមស៊ីវិលនោះរួចមក។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងមានរយៈពេល១២ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣…ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងមានរយៈពេល៦ថ្ងៃគឺរវាងពីថ្ងៃទី៣ ដល់ ៩ មិថុនា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតខ្លះបានចាប់ផ្តើមជាបណ្តើរ នៅមុនថ្ងៃដែលប្រកាសបើកស៊ីហ្គេមជាផ្លូវការនេះផងទៀត។

គិតត្រឹមល្ងាចថ្ងៃទី៤ ឧសភា, កម្ពុជាគឺជាប្រទេសលំដាប់លេខរៀងទី១ ដែលទទួលមេដាយសរុប ៩ ក្នុងនោះមេដាយមាស៥ និងប្រាក់ចំនួន៤។

ads banner