សម្តេចតេជោ ហ៊ុន សែន៖ ប្រកាសបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ បានធ្វើឡើងនៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមពីឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តំណាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករកីឡាការិនី មន្ត្រីទូតប្រចាំនៅកម្ពុជា មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ទៀត។

បន្ទាប់សម្ដែងទស្សនីយភាព “ដំណើរជាតិកម្ពុជា” និងដង្ហែក្បួនប្រតិភូកីឡាចូលទីលានប្រារព្ធពិធី និងគោរពទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសបើកស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ឆ្នាំ២០២៣ចាប់ពីនេះតទៅ ប្រកបដោយមោទកភាព ក្រោយកម្ពុជា រង់ចាំអស់រយៈពេល៦៤ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាព ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម ប្រធានរដ្ឋឡាវ តំណាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម និងគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្ដល់មេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលរចនាឡើងដោយលោក Pierre de Coubertin ជាបិតាស្ថាបនិកអូឡាំពិក សម័យទំនើប តាំងពីឆ្នាំ១៨៩៤។ មេដាយនេះ ត្រូវបានប្រគល់ជូនតែប្រមុខរដ្ឋប្រមុខរាជរដ្ឋាភិបាល ដែលជួយចលនាអូឡាំពិក ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗប្រកបដោយភាពជោគជ័យ។ នេះជាការលើកទឹកចិត្ត ដល់រដ្ឋាភិបាល ដែលធ្វើឱ្យចលនាកីឡាក្នុងប្រទេស ក៏ដូចជាចលនាកីឡាអន្តរជាតិ បានផុសផុល រីកចម្រើន បង្កើតបាននូវសាមគ្គីភាព មិត្តភាព សម្រាប់មនុស្សជាតិ។ មេដាយនេះ គឺជាមរតកដ៏ធំ សម្រាប់ប្រជាជាតិមួយ ដែលមានរដ្ឋាភិបាលបានដឹកនាំ លើកស្ទួយវិស័យកីឡា ចលនាអូឡាំពិក ហើយជាមេដាយដ៏កម្រ ដែលមិនងាយប្រគល់ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលណាមួយនោះទេ ។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ស៉ីហ្គេម ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់ប្រតិភូកីឡាចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Game) លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា សរុបជាង ១២,៤០០នាក់ មកពីបណ្តាប្រទេសអាស៊ានចំនួន ១១ ។ ដោយឡែកប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣នេះ មានចំនួនសរុប ១,២០៣នាក់ ក្នុងនោះកីឡាករ និងគ្រូបង្វឹក មន្ត្រីជំនួយបច្ចេកទេសជំនាញចំនួន ១,១៣៦នាក់។

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ព្រះសីហនុ, កែប, កំពត និងសៀមរាប ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

