ជនភៀសខ្លួនរូហ៊ីងយ៉ាបដិសេធមិនត្រលប់ ទៅមីយ៉ាន់ម៉ាវិញ

ដាកា៖ ក្រុមរ៉ូហ៊ីងយ៉ានិយាយថា នឹងមិនយល់ព្រមចំពោះការវិលត្រឡប់របស់ជនភៀសខ្លួនវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មីយ៉ាន់ម៉ា។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានប្រាប់ AFP ថា ពួកគេនឹងមិនយល់ព្រមដោយស្ម័គ្រចិត្ដក្នុងការត្រឡប់ទៅទីនោះវិញទេ បន្ទាប់ពីទស្សនកិច្ចនេះមានបំណងរៀបចំមាតុភូមិនិវត្តន៍របស់ជនជាតិភាគតិច ដែលគ្មានរដ្ឋទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ប្រទេសបង់ក្លាដែសគឺជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញ ពីការបង្រ្កាបដោយយោធាឆ្នាំ ២០១៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង ដែលឥឡូវនេះស្ថិតនៅក្រោមការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ដើម្បីបញ្ជូនពួកគេមកវិញនៅចុងឆ្នាំនោះ ប៉ុន្តែមានការវិវឌ្ឍន៍តិចតួចចាប់តាំងពីពេលនោះមក ហើយអង្គការសហប្រជាជាតិបានព្រមានម្តងហើយម្តងទៀតថា លក្ខខណ្ឌមិនសមនឹងការវិលត្រឡប់របស់ពួកគេ។

មន្ត្រីបង់ក្លាដែសជាច្រើននាក់បានអមដំណើរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ២០ នាក់ក្នុងអំឡុងពេលទស្សនកិច្ច កាលពីថ្ងៃសុក្រ ទៅកាន់ជំរុំតាំងលំនៅភូមិគំរូចំនួនពីរ ដែលត្រូវបានសាងសង់ឡើង សម្រាប់គម្រោងការវិលត្រលប់មកវិញសាកល្បង។

លោក ម៉ូហាម៉េត សាលីម (Mohammad Salim) សមាជិកក្រុមប្រតិភូជនជាតិរ៉ូហ៊ីងយ៉ាបានប្រាប់ AFP ថា “យើងបានឃើញជំរុំ… ប៉ុន្តែ ពួកគេមិនទទួលយកការទាមទារសញ្ជាតិរបស់យើងទេ” ។

លោកបានបន្ថែមថា៖ «យើងនឹងមិនទៅជំរំទេ។ យើងត្រូវតែត្រឡប់ទៅដីរបស់យើងវិញ។ យើងមិនចូលចិត្តវានៅទីនោះទេ។ យើងនឹងមិនទៅទេ។ យើងនឹងត្រឡប់មកវិញប្រសិនបើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងការទាមទាររបស់យើងត្រូវបានទទួលយក៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner