ឯកឧត្តម ឃួង ស្រេង ៖ យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឱ្យបានច្រើនពីការពិតនៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីប្រកាសសាខាគណបក្សរបស់ក្រុមហ៊ុន ហង្សមាសគ្រុប ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុប ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ សម្ព័ន្ធសារព័ត៏មានភាសាចិន នៅកម្ពុជា និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាជាង២០០នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានមានប្រសាសន៍ថា យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឱ្យបានច្រើនពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជាបានហែលឆ្លងការលំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេសមួយនេះអោយ មានការអភិវឌ្ឍរីកចម្រើន នោះគឺសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ការបង្ហាញអោយឃើញពីអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន វានឹងធ្វើអោយប្រជាពលរដ្ឋ គោរពស្រលាញ់ នាំអោយកម្ពុជា ឈានទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក៏បានលើកឡើងពីវីរភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម បន្តថា សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជា អ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ។ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចម្រើនរុងរឿងបន្ថែមទៀត។

គួរបញ្ជាក់ថា៖ ពិធីប្រកាសសាខាគណបក្សរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័នខាងលើនេះ រួមមាន៖ ក្រុមហ៊ុន ហង្សមាសគ្រុបចំនួន៨៦រូប ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុបចំនួន៨២រូប ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ ចំនួន ២៧រូប សម្ព័ន្ធសារព័ត៏មានភាសាចិន នៅកម្ពុជា ចំនួន២៨រូប សរុបចំនួន ២២៣រូប៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner