ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់មកយកសំបុត្រចូលទស្សនាបាល់ទាត់ ដើម្បីគាំទ្រកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ស្អែកនេះ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៣ នេះប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា បានមកទទួលយកសំបុត្របាល់ទាត់ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំកពិក ចាប់តាំងពីម៉ោង៥ព្រឹកមកម្លេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានទូទស្សន៍អប្សរា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋដែលមករង់ចាំទទួលយកសំបុត្រ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកយកសំបុត្របាល់ទាត់នេះ គឺ ក្រោងតាំងពីម៉ោង២មកម្លេះ ដោយធ្វើដំណើរមកពហុកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរងចាំទទួលយកសំបុត្រចូលទស្សនា ។ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ចំពោះការផ្តល់សំបុត្រ ដោយឥតគិតថ្លៃ ដើម្បីចូលទស្សនា និងបានគាំទ្របាល់ទាត់កម្ពុជាប៉ះ ប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពូលអេ ។ បើទោះបី ពួកគេត្រូវ ក្រោកពីម៉ោង២មករងចាំទទួលយកសំបត្រក៏សប្បាយចិត្ត។ក្នុងនាមប្រជាពលរដ្ឋម្ចាស់ផ្ទះ និងជាអ្នកគាំទ្រ ពួកគេបានជូនពរឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះឡើងទៅវគ្គបន្ត ដើម្បីឈានដល់ការប្រជែងដណ្តើមមេដាយជូនជាតិ។

សម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រភេទកីឡាបាល់ទាត់ ដែលត្រូវប្រកួតនៅថ្ងៃទី៧ ខែ ឧសភា ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពិន្ទុក្នុងពូលអេ ប្រសិនបើកម្ពុជាឈ្នះមីយ៉ាន់ម៉ា បានឡើងទៅវគ្គខ្វែងពូលតែម្តង បើទោះបីសល់មួយប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ជម្រើស ប្រទេសឥណ្តូនេស៊ីនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះក៏ដោយ ។ សូមបញ្ជាក់ថា សំបុត្រដែលចែកជូនប្រជាពលរដ្ឋអ្នកគាំទ្របាល់ទាត់កម្ពុជានៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣ មាន ២២៥០០សន្លឹក ៕ រូបភាព ជីម ភារ៉ា អត្ថបទៈ ជាវ ចន្ធូ


