ចាប់ខ្លួនបាតុករ ៦នាក់ មុនពិធីឡើងគ្រងរាជ្យ ស្តេច Charles III
ឡុងដ៍៖ ប៉ូលិសអង់គ្លេស ចាប់ខ្លួនបាតុករប្រឆាំងរបបរាជានិយម ៦នាក់ មុនពិធីឡើងគ្រងរាជសម្បតិ្តរបស់ព្រះអង្គម្ចាស់ Charles III។
នគរបាលអង់គ្លេសបានឃាត់ខ្លួនមនុស្ស៦នាក់ មកពីចលនាប្រឆាំងរបបរាជានិយមមានឈ្មោះថា សាធារណរដ្ឋ ឬ Republic ខណៈពួកគេប៉ុនប៉ងធ្វើបាតុកម្ម នៅមុនព្រះអង្គម្ចាស់ឆាលស៍ទី៣ (Charles III) ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍។
ថ្លែងប្រាប់ AFP សកម្មជនម្នាក់មកពីចលនា Republic បានបញ្ជាក់ដូច្នេះថា «ពួកគេបានឃាត់ខ្លួនសមាជិករបស់យើង ៦នាក់ ហើយបានរឹបអូសយកបដាររាប់រយ។ ពួកគេមិនបាន ប្រាប់យើងថាតើហេតុអ្វីបានជាមានការឃាត់ខ្លួនសមាជិករបស់ពួកយើងឡើយ ហើយក៏មិនបានប្រាប់ថាតើពួកគេនាំសមាជិករបស់យើងទៅណានោះដែរ»។
ដោយឡែក ក្នុងសារបង្ហោះលើ Twitter ចលនា Republic ក៏បានទទួលស្គាល់ដែរពីការចាប់ខ្លួនសមាជិក៦នាក់ខាងលើ ជាមួយការចោទសួរថាតើនេះឬជាប្រជាធិបតេយ្យ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្កោលទោសការចាប់ខ្លួនក្រុមបាតុករដោយប៉ូលិសអង់គ្លេស ដោយចាត់ទុកថា វាជាសញ្ញាអាសន្នមួយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

