ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បំណងប្រាថ្នាធំបំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប គឺការបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីអាចកសាងអនាគតមួយច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសដ៏អធិកអធមនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តព្រះសីហនុ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៣៥៩នាក់ នាឱកាសនោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តព្រះសីហនុ រួមមាន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ (PIP) និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន (PCCFPI) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយសម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីពការងារល្អប្រសើរនៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែក និងផ្តាំផ្ញើនូវទស្សនាទានអំពីផ្នត់គំនិត និងទម្លាប់នៃការកសាងអភិវឌ្ឍខ្លួន ដែលនិស្សិតម្នាក់ៗគួរប្រកាន់ខ្ជាប់ ដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សា និងអាជីពការងារ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត






