អ៊ុយក្រែនអះអាងពីការទម្លាក់មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ដោយប្រើប្រព័ន្ធការពារអាកាសអាមេរិក
កៀវ៖កងទ័ពអាកាសអ៊ុយក្រែនបានអះអាងឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី Kinzhal ដែលកំណត់គោលដៅលើរដ្ឋធានីកៀវ ដោយប្រើប្រព័ន្ធការពារដែលអាកាសរបស់សហរដ្ឋអាមេរិក។
ការបាញ់ទម្លាក់នេះ ត្រូវបានគេពិពណ៌នាថា ជាជោគជ័យមួយសម្រាប់អ៊ុយក្រែន លើការយកឈ្នះអាវុធទំនើបដ៏ខ្លាំងរបស់រុស្ស៊ី។
មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយលើបណ្ដាញផ្ញើសារតេឡេក្រាមនៅថ្ងៃសៅរ៍ថា កងទ័ពអាកាសអ៊ុយក្រែន បានប្រើប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក បាញ់ទម្លាក់មីស៊ីល Kh-47 Kinzhal (ឬ Kinzhal) នៅយប់ថ្ងៃព្រហស្បតិ៍។ លោកបន្តថា៖ «ខ្ញុំអបអរសាទរប្រជាជនអ៊ុយក្រែន ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ»។
គួរបញ្ជាក់ថា Patriot គឺជាប្រព័ន្ធការពារអាកាសដ៏ទំនើបមួយផលិតដោយសហរដ្ឋអាមេរិក ដែលលោកខាងលិចផ្ដល់ជាជំនួយសព្វាវុធសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធតទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ទីតាំងផ្គត់ផ្គត់ថាមពល និងទីតាំងសំខាន់ៗផ្សេងៗទៀត អស់រយៈពេលជាច្រើនខែកន្លងមកនេះ។
ក្រុមមន្រ្តីបានឱ្យដឹងថា Patriot ទើបតែបញ្ជូនដល់អ៊ុយក្រែននៅខែមុនប៉ុណ្ណោះ ខណៈនាពេលកន្លងមក កងទ័ពអាកាសអ៊ុយក្រែនមិនអាចបាញ់ទម្លាក់មីស៊ីលផ្លោងផ្សេងៗ ដែលរុស្ស៊ីប្រើដើម្បីវាយប្រហារលើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ជុំវិញការអះអាងរបស់អ៊ុយក្រែនចុងក្រោយ រុស្ស៊ីមិនបានចេញប្រតិកម្មបកស្រាយភ្លាមៗយ៉ាងណានោះទេនៅថ្ងៃសៅរ៍ ប៉ុន្តែកន្លងមក ធ្លាប់បានអួតថា មីស៊ីលលឿនជាងសំឡេង Kinzhal របស់ខ្លួន គ្មានគូប្រៀបនៅលោកខាងលិចនោះទេ។
មីស៊ីលដែលមានល្បឿនរហូតដល់ ១២ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រភេទនេះ ថែមទាំងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាទៀតផង។ វាជាអាវុធមួយក្នុងចំណោមអាវុធ «ជំនាន់ក្រោយ» ទាំង៦ ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដាក់បង្ហាញនៅឆ្នាំ ២០១៨ ទាំងអួតថា គ្មានប្រព័ន្ធការពារដែនអាកាសណាមួយរបស់ពិភពលោកអាចស្ទាក់ចាប់វាបាននោះទេ។
កងទ័ពអាកាសអ៊ុយក្រែនអះអាងថា Kinzhal ត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលរុស្ស៊ីបើកការវាយប្រហារដោយដ្រូនលើទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀត នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ ប៉ុន្តែក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ុយក្រែនមិនបានអះអាងព័ត៌មានស្ដីពីការបាញ់ទម្លាក់មីស៊ីលប្រភេទនេះឡើយ ទោះបីជាមន្រ្តីអ៊ុយក្រែននិយាយថា មានមីស៊ីលផ្លោងមួយត្រូវបានបាញ់ទម្លាក់ក៏ដោយ។
គួររំឮកផងដែរថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍របស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថាបានប៉ុនប៉ងធ្វើឃាតលោក ពូទីន តាមរយៈការវាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំង ហើយគំរាមសងសឹក។ ក្រុងមូស្គូ ថែមទាំងចោទប្រកាន់អាមេរិក ថាពាក់ព័ន្ធនឹងករណីនេះទៀតផង។ យ៉ាងណាមិញ ការចោទប្រកាន់របស់រុស្ស៊ី សុទ្ធតែត្រូវបានអ៊ុយក្រែន និងអាមេរិក ច្រានចោល៕ ប្រែសម្រួល៖ ហួន ឌីណា