មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅអូស្ត្រាលី ប្រឆាំងនឹងការបង្កើតមូលដ្ឋាននាវាមុជទឹកក្រោមកិច្ចព្រមព្រៀង AUKUS

កង់បេរ៉ា៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ ទី៦ ខែឧសភា ប្រឆាំងនឹងផែនការសាងសង់មូលដ្ឋាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្រុងកំពង់ផែ Port Kembla ដែលស្ថិតនៅភាគខាងកើតប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ AUKUS រវាងអូស្រ្តាលី អាមេរិក និងអង់គ្លេស។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការតវ៉ានេះផ្ទុះឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រសួងការពារជាតិពេញចិត្តនឹងជ្រើសរើសក្រុង Port Kembla ដែលស្ថិតក្នុងរដ្ឋ New South Wales ធ្វើជាមូលដ្ឋាននាវាមុជទឹកនៅឆ្នេរសមុទ្រភាគខាងកើតថ្មី។

ក្រុមអ្នកតវ៉ាប្រហែល ៥ ០០០ នាក់ ដែលកាន់បដា និងទង់សហជីព បានដើរដង្ហែតាមដងផ្លូវធំ ដើម្បីបញ្ចេញសំឡេងប្រឆាំងតវ៉ារបស់ខ្លួន ក្នុងទីក្រុងដែលស្ថិតនៅចម្ងាយ ១០២ គីឡូម៉ែត្រពីភាគខាងត្បូងនៃក្រុងស៊ីដនីមួយនេះ។

អ្នកតវ៉ាព្រួយបារម្ភថា ការដាក់មូលដ្ឋាននាវាមុជទឹកនៅក្រុងកំពង់ផែដែលនាំចេញធ្យូងថ្មដ៏ធំមួយរបស់អូស្រ្តាលីមួយនេះ នឹងទាក់ទាញវិនិយោគលើវិស័យថាមពលឱ្យកាន់តែច្រើនឡើង ប៉ុន្តែវានឹងរារាំងដល់ការវិនិយោគលើថាមពលក៏កើតឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីខែមុនថា គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅលើទីតាំងមូលដ្ឋាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅឆ្នេរភាគខាងកើតនោះឡើយនោះទេ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង AUKUS ដែលមានតម្លៃរហូតដល់ជាង ២៤៤ ប៊ីលានដុល្លារ មិនត្រឹមតែមានភាពចម្រូងចម្រាស់ក្រៅស្រុកប៉ុណ្ណេះទេ ប៉ុន្តែកន្លងមក ក៏មានការរិះគន់ពីអ្នកនយោបាយក្នុងស្រុកអូស្រ្តាលីផងដែរ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានការពារកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអតីតមេដឹកនាំ២រូប បានរិះគន់វាខ្លាំងៗជុំវិញការចំណាយ ភាពស្មុគស្មាញ និងបញ្ហាអធិបតេយ្យភាពដែលអាចកើតមាន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner