ផលិតផលកាដូអនុស្សាវរីយកែច្នៃពីឬស្សី កំពុងទទួលបានការគាំទ្រពីម្ចាស់កម្មវិធី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឬស្សី គឺជារុក្ខជាតិមួយប្រភេទដែល ដុះទំពាំងចេញជាគុម្ព ដើមមានថ្នាំង និងមានច្រើនប្រភេទដូចជា ឬស្សីព្រៃ ឬស្សីស្រុក និងឬស្សីរលៀកជាដើម។ ឬស្សីបម្រើការរស់នៅសព្វគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខ្មែរ ឬផ្តល់អត្ថប្រយោជន៍សន្ធឹកសន្ធាប់រាប់មិនអស់។

តាំងពីដើមមកឬស្សីបានបម្រើដល់សេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរយើងនៅតាមស្រុកស្រែចម្ការ ដែលមិនអាចខ្វះបានយកទៅធ្វើជាបង្អោង ធ្វើជាបំពង់ ធ្វើជាចំណងចងបង្អោង ធ្វើជាចង្អេរ និងអាចប្រើជាគ្រឿងក្នុងផ្ទះ ឬគ្រែរនាបជាដើម។ រីឯឧបករណ៍នេសាទវិញ គេអាចយកធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ លាន់ដាក់អន្ទង់ អង្រុត ឈ្នាង ឬធ្វើជាទ្រុងដាក់ត្រីជាដើម។

មកទល់បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរនៅតែបន្តប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានពលរដ្ឋខ្លះទៀតអាចទាញចំណូលសម្រាប់បង្កើនជីវភាពគ្រួសារតាមរយៈការកែច្នៃទៅជារបស់ប្រើប្រាស់សម្រាប់លក់ ឬកែច្នៃទៅជាវត្ថុអនុស្សាវរីយជាដើម។

ស្រដៀងគ្នានេះ យុវតីកម្ពុជាមួយរូបឈ្មោះ សាម សុភាព ដែលកំពុងរស់នៅរាជធានីភ្នំពេញ និងជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីប្រទេសចិន បានសម្លឹងឃើញឱកាស និងកំពុងទាញចំណូលពីឬស្សីតាមរយៈអាជីវកម្មច្នៃប្រឌិតមួយប្រភេទ គឺការលក់កាដូអនុស្សាវរីយដែលផលិតពីឬស្សី។

ធ្លាប់ជានិស្សិតជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសចិនតែងាកមកប្រកបជំនួញវិញ កញ្ញាបានឱ្យដឹងពីដំណើរដើមទងនៃអាជីវកម្មរបស់ខ្លួនបែបនេះ។

កញ្ញា សាម សុភាព បានឱ្យដឹងថា ខណៈពេលរៀនអនឡាញបណ្តើរ ចិត្តចង់លក់ដូរបណ្តើរ ដោយសារចំណង់ចំណូលការលក់ដូរតាំងពីក្មេង។ ជួនពេលកូវីដ១៩បានមកដល់ ខ្លួនបានត្រលប់មកពីប្រទេសចិន មករស់នៅភ្នំពេញជាមួយប្អូន ហើយក៏បានចាប់ផ្តើមលក់តុក្កតានៅគ្រាដំបូង ប៉ុន្តែកញ្ញាបានឲ្យដឹងថាខ្លួនមិនស្រលាញ់តុក្កតាពិតប្រាកដអីទេ គឺគ្រាន់ចង់ចាប់ផ្តើមឱ្យតែបានសិន។

កញ្ញា សាម សុភាព បានប្រាប់ថា ៖ «លុះក្រោយមកទៀត ខ្ញុំឃើញមិត្តភក្តិប្អូនគាត់លក់កាដូសម្រាប់មង្គលការ ក៏ចាប់អារម្មណ៍ ទើបកុម៉្មង់ ៣ម៉ូតយកមកលក់ក៏មានគេគាំទ្រច្រើន ដល់បន្តមកទៀតក៏ស្គាល់អ្នកផ្គត់ផ្គង់នៅខាងសៀមរាប ក៏យើងចេះតែចេញម៉ូតថ្មីៗមករហូត ឥឡូវនេះយើងមានច្រើនម៉ូត»។

កញ្ញាក៏បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះហាងរបស់កញ្ញាទទួលបានការកម្ម៉ង់ច្រើនដោយសារតែផលិតផលកញ្ញាជាផលិតផលស្នាដៃខ្មែរ និងមានម៉ូតថ្មីច្រើនមិនចាញ់ផលិតផលនាំចូលឡើយ។

កញ្ញា សាម សុភាព បានបន្តឲ្យដឹងពីតម្រូវការរបស់អតិថិជនថា ៖ «ជាមធ្យមក្នុងមួយខែ យើងអាចទទួលបានការកុម៉្មង់ប្រហែល ២០ រោង សម្រាប់កាដូការនេះភ្ញៀវគាត់កុម៉្មង់ចាប់ពីម្ភៃតុឡើងដែលស្មើនឹង ២០០កាដូ ភ្ញៀវខ្លះក៏ឡើងដល់មួយពាន់កាដូជាង ។ប៉ុន្តែបើភាគច្រើនគឺ ៥០០ មានន័យថាគាត់ធ្វើ ៥០តុ»។

ចំពោះប្រភេទផលិតផលច្នៃពីឬស្សីនេះកញ្ញាបានឱ្យដឹងថា មានតម្លៃ ចន្លោះពី មួយពាន់រៀល ទៅ ១,១០០រៀល ដែលថ្លៃជាងផលិតផលនាំចូលពីប្រទេសចិន ដូចជាបន្តោងសោជាដើម។

យុវតី ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ បន្តឱ្យដឹងទៀតថា ហាងរបស់កញ្ញាបានចាប់ផ្តើមក្នុងឆ្នាំ ២០២១ ហើយបច្ចុប្បន្ននេះផលិតផលក្នុងហាងដែលមានឈ្មោះថា សុជាតាសិប្បកម្មខ្មែរ របស់កញ្ញាមានផលិតផលប្រមាណ ២០ ប្រភេទឯណោះ។

ដ្បិតថាជានិស្សិតបញ្ជាប់ការសិក្សាមកពីបរទេស មកចាប់ផ្តើមមុខរបរតូចមួយម្នាក់ឯង តែកញ្ញារៀបរាប់ថាខ្លួនពេញចិត្ត និងដោយសារតែស្រលាញ់ការលក់ដូផង ម្យ៉ាងកញ្ញាក៏ទទួលបានការគាំទ្រពីគ្រួសារផងដែរ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner