កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន កម្ពុជា និងវៀតណាមនឹងជួយជំរុញធ្វើឱ្យប្រសើរឡើងនូវជីវភាពពលរដ្ឋកម្ពុជានៅតាមព្រំដែនប្រទេសទាំងពីរ
ភ្នំពេញ៖ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមត្រូវបានចុះហត្ថលេខាដោយភាគីនៃប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះ។
ដោយទទួលស្គាល់នូវផលប្រយោជនដែលទទួលបានពីកិច្ចព្រមព្រៀងស្តីពីការទិញ-លក់ ផ្លាស់ប្តូរទំនិញ និងសេវាពាណិជ្ជកម្មនៅតំបន់ព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសវៀតណាម។
ការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តគន្លឹះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនរបស់ប្រទេសទាំងពីរ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីនីមួយៗដោយឈរលើមូលដ្ឋានសមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ទាក់ទងនឹងការចុះព្រមព្រៀងនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីផលវិជ្ជមាន និងសារៈសំខាន់របស់កម្ពុជា បន្ទាប់ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះកិច្ចព្រមព្រៀង។
ខាងក្រោមនេះកិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មានលោក សំបាន ច័ន្ទដារ៉ា ជាមួយនឹងឯកឧត្តម ប៉ែន សុវិជាតិ៖
សំណួរ៖ជាមួយការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះ តើលោកយល់ថា នឹងនាំលទ្ធផលវិជ្ជមានបែបណាខ្លះដល់សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ?
ឯកឧត្តម ប៉ែន សុវិជាតិ៖ នៅពេលចូលជាធរមាន កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវការធ្វើ យុទ្ធសាស្ត្រក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច លើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ-ចូល រវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។
អត្ថប្រយោជន៍បន្ថែមដែលកម្ពុជានឹងទទួល បានពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការ វិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗតាមច្រកព្រំដែនជូនប្រជាជនកម្ពុជា ផងដែរ។
ខ្ញុំ រំពឹងថា ការនាំចេញ នាំចូលរវាងភាគីទាំងពីរនឹងមានការកើនឡើង ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងសម្រួលដល់ការនាំចេញកសិផលពីកម្ពុជាទៅវៀតណាម លើកកម្ពស់សេវាកម្មគាំទ្រដល់ពាណិជ្ជកម្មតាមព្រំដែន មានជាអាទិ៍ ការជួលឃ្លាំង ការបញ្ជូនបន្ត ការដឹកជញ្ជូន ការកែច្នៃ ការរក្សាទុកទំនិញ សេវា ធនាគារនិងហិរញ្ញវត្ថុ ជាដើម ក៏ដូចជាកិច្ចសហប្រតិបត្តិការទប់ស្កាត់ បង្ក្រាបការរត់ពន្ធ និងការក្លែងបន្លំ ផងដែរ។
ជារួម កិច្ចព្រមព្រៀងនេះ ជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាង ប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថាន ភាពវិវត្តន៍ថ្មីៗ។
សំណួរ៖តើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានស្ថានភាពបែបណាដែរ?
ឯកឧត្តម ប៉ែន សុវិជាតិ៖ បច្ចុប្បន្នភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងវៀតណាម មានស្ថានភាពល្អ។ ការនាំចេញ នាំចូល ជាពិសេស កសិផលនៅតាមព្រំដែន មានការកើនឡើង គួរឱ្យកត់សម្គាល់។
ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធានាដល់ផលប្រយោជន៍ សិទ្ធិសេរីភាពនៃប្រជាពលរដ្ឋ និងពាណិជ្ជករដែលរស់នៅតាមព្រំដែន តាមរយៈការបង្កើតក្របខ័ណ្ឌ និងល័ក្ខខ័ណ្ឌធានាចាំបាច់នានា សម្រាប់ការធ្វើពាណិជ្ជកម្មតាមព្រំដែន ជំរុញការតភ្ជាប់ បង្កើតទីផ្សារ និងបង្កើនសកម្មភាពពាណិជ្ជកម្ម ទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាការសម្រួលដល់ការចេញចូលរបស់ ពាណិជ្ជករ និងប្រជាពលរដ្ឋរស់នៅតាមព្រំដែន ផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នេះ ជាឧទាហរណ៍ស្រាប់។
សំណួរ៖តើការធ្វើពាណិជ្ជកម្មតាមបណ្ដោយព្រំដែននេះ មានសារៈសំខាន់យ៉ាងណា?
ឯកឧត្តម ប៉ែន សុវិជាតិ៖ ការធ្វើពាណិជ្ជកម្មតាមបណ្ដោយព្រំដែននេះ មានសារៈសំខាន់ណាស់។ ការអភិវឌ្ឍពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសទាំងពីរ គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនរបស់ប្រទេសទាំងពីរ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ ភាគីនីមួយៗដោយឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ពិសេសការការពារសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យលើគុណភាពទំនិញ បន្លែ ផ្លែឈើ សាច់ ក៏ដូចជាការសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន កាត់បន្ថយចំណាកស្រុក ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕ ដោយ៖ សំបាន ច័ន្ទដារ៉ា