មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា បញ្ហាគ្រឿងញៀននៅតែបន្តរីកសាយភាយគួរឱ្យបារម្ភ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់កុមារ និងយុវជន នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យកើតឡើងលើខ្លួនឯង គ្រួសារ និងសហគមន៍។

បើតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ដារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ ហើយបាននិងកំពុងបន្តបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

លោកលើកឡើងថា ការដាំដុះ ការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់សារធាតុញៀន ទាំងនៅតំបន់ និងសកលលោក នៅតែបន្តកើនឡើងតាមបណ្តាប្រទេសជាច្រើន ពិសេសនៅក្នុងតំបន់អាស៊ី ដោយក្រុមឧក្រិដ្ឋជននៅតែបន្តប្រើប្រាស់គ្រប់ល្បិចកល ដើម្បីលួចលាក់ចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែនចូលមកកម្ពុជា ទាំងតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ដែលសមត្ថកិច្ចកម្ពុជាតែងតែបង្រ្កាបបានជាបន្តបន្ទាប់។

លោក លឹម តុងហួត ថា ប្រហែលជាមួយឆ្នាំមុន លោកនឹងក្រុមការងារបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ចូលជួប និងសម្ភាសន៍ជាមួយអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលក្នុងចំណោមមនុស្សជាង ៣០នាក់ គឺមានតែ១នាក់ទេ ដែលឆ្លើយថា គាត់មិនបានដឹង មិនបានឮពីគ្រឿងញៀន មុនពេលគាត់ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

លោកបានបញ្ជាក់ថា ៖ «ខណៈដែលបញ្ហាគ្រឿងញៀននៅតែបន្តរីកសាយភាយ យើងមានការព្រួយបារម្ភនៅត្រង់ថាមានមនុស្សជាច្រើនបានដឹង បានឮ និងបានទទួលការណែនាំពីលោកគ្រូអ្នកគ្រូ ពីមាតាបិតា អាណាព្យាបាល ប៉ុន្តែនៅតែទៅចូលពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនទៀត»។

លោកបានបន្តថា តាមរយៈការបណ្តុះបណ្តាលនេះ កុមារ និងយុវជន នឹងបានយល់ដឹងពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងវិធីសាស្រ្តមួយចំនួនក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន កុំកើតមានមកលើខ្លួនឯង ជាពិសេសគឺកុំឲ្យរាលដាលដល់គ្រួសារ និងសហគមន៍។

យោងតាម អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅឆ្នាំ ២០២២ កន្លងមកនេះ វត្ថុតាងគ្រឿងញៀនដែលត្រូវបានបង្ក្រាប និងរឹបអូសបានពីបទល្មើស មានការកើនឡើងជាងឆ្នាំ ២០២១ ចំនួនជាង ១០ តោន ខណៈជនសង្ស័យដែលត្រូវបានបង្ក្រាបចាប់ខ្លួនក្នុងបទល្មើសគ្រឿងញៀននេះ ក៏មានការកើនឡើងជាងឆ្នាំ ២០២១ ចំនួនជាងមួយពាន់នាក់ផងដែរ។

របាយការណ៍ដដែលបានបន្តថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២២ មានចំនួន ៦ ២៩០ ករណី កើនឡើងជាងឆ្នាំ ២០២១ ចំនួន ៤០ ករណី និងបង្ក្រាបចាប់ជនសង្ស័យបានចំនួន ១៤ ៧៨៤ នាក់ រួមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនចម្រុះប្រភេទសរុបចំនួន ១៤ តោន និង ៥០២ គីឡូក្រាម៕ ដោយ៖ ជា សុខនី

ads banner