ក្រសួងកសិកម្ម គ្រោងនឹងបញ្ជូនមន្រ្តីជំនាញទៅជួយប្រទេសគុយបា លើការអភិវឌ្ឍដំណាំស្រូវ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកទេសកសិកម្ម ជាពិសេសលើវិស័យដំណាំស្រូវ ដល់ប្រទេសគុយបា និងជំរុញលើការវិនិយោគពីសំណាក់វិស័យឯកជនកម្ពុជា បន្ទាប់ពីគុយបាបានស្នើសុំកម្ពុជា ជាច្រើនលើកឱ្យជួយលើការអភិវឌ្ឍកសិកម្ម ជាពិសេសវិស័យដំណាំស្រូវនៅប្រទេសរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៣ថា ក្រសួងកសិកម្ម និងវិស័យឯកជនជាមួយនឹងប្រទេសគុយបា បានធ្វើការជាមួយគ្នាជាច្រើនខែមកហើយ ដោយថ្មីៗនេះ អនុរដ្ឋមន្រ្តី្កក្រសួងកសិកម្ម របស់គុយបា ទើបតែបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ដើម្បីស្វែងយល់បន្ថែមទៀតពីវឌ្ឍនភាពការងារកន្លងមក និងការងារបន្ទាប់ ដែលកម្ពុជា និងគុយបា នឹងធ្វើរួមគ្នា ជាពិសេសលើការដាំដុះស្រូវ។
«គុយបា ជាប្រទេស ដែលទទួលទានបាយ ដែលជាអាហារចំបង ដូចកម្ពុជាដែរ ប៉ុន្តែវិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំស្រូវរបស់គុយបា នៅមិនទាន់ការអភិវឌ្ឍលូតលាស់រីកចំរើននៅឡើយទេ បើធៀបនឹងកម្ពុជា។ កន្លងមកគុយបា តែងតែស្នើឱ្យកម្ពុជាបញ្ជូនអ្នកជំនាញទៅបង្ហាត់បង្រៀន បណ្តុះបណ្តាលមន្រ្តីកសិកម្មនៅគុយបា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៅគុយបា ពិសេសក្នុងផ្នែកដំណាំស្រូវនេះ អាចរីកចំរើនទៅមុខបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់»។ នេះជាការបញ្ជាក់បន្ថែមពីកញ្ញា អ៊ឹម រចនា។

កញ្ញាបានបន្ថែមទៀតថា ក្រុមការងារក្រសួងកសិកម្ម ដែលជំនាញនៅក្នុងការផលិតដំណាំស្រូវនេះ ព្រមទាំងវិស័យឯកជនដែលវិនិយោគលើដំណាំស្រូវ បានទៅធ្វើទស្សនកិច្ចនៅគុយបា ដោយបានពិនិត្យមើលលើស្ថានភាពដី និងស្ថានភាពទូទៅនៃវិស័យដំណាំស្រូវនៅគុយ។
មន្រ្តីដដែលនេះ បានបន្តថា ក្រុមការងារពាក់ព័ន្ធនេះ បានដាក់ចេញនៅការងារជាយុទ្ធសាស្រ្តមួយចំនួន ដើម្បីជួយឱ្យវិស័យដាំដុះនៅគុយបា អាចរីកលូតលាស់ទៅមុខ រួមមានដូចជា ការបណ្ដុះបណ្តាលធនធានមនុស្សនៅគុយបាបន្ថែម, ការផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យដំណាំស្រូវ ក៏ដូចជាការជួយជំរុញបន្ថែមដល់វិស័យឯកជនឱ្យវិនិយោគលើដំណាំស្រូវនៅក្នុងប្រទេសនេះ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ដូច្នេះថា ៖ «ទៅថ្ងៃខាងមុខ ប្រសិនបើអ្វីៗដំណើរការបានល្អប្រសើរ ដំណើរការដោយរលូន នោះអ្នកវិនិយោគខ្មែរអាចនឹងមានមុខនៅលើទឹកដីគុយ នៅក្នុងការវិនិយោគផ្នែកដំណាំស្រូវ គឺការផលិតអង្ករ។ អ្វីដែលកម្ពុជាស្នើទៅគុយបា គឺយើងចង់ឱ្យគុយបា សម្របសម្រួលប្រសិនបើយើងអាចធ្វើដល់ដំណាក់ហ្នឹងមែន យើងចង់ឱ្យគុយបាសម្រួលដល់កាធ្វើដំណើរទៅមករបស់ មន្រ្តីរបស់យើង, វិនិយោគិនកម្ពុជា ទៅកាន់គុយបាដើម្បីជួយការងារហ្នឹង ព្រមទាំងការជួយសម្រួលលើលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាផងដែរ»។

ជុំវិញបញ្ហានេះដែរ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា ធ្លាប់បានប្រាប់ឱ្យដឹងដែរថា បន្ទាប់ពីជំនួបរវាងប្រធានាធិបតីគុយបា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំមុននោះ លោក ហ៊ុន សែន បានធានានឹងជួយបផ្តល់ជាបច្ចេកទេស និងពូជដល់គុយបាសម្រាប់ផលិតស្រូវ ព្រោះប្រទេសគុយបាផលិតស្រូវមិនគ្រប់តាមសសេចក្តីត្រូវការរបស់ប្រជាជន។
លោក ឡោ ប៊ុណ្ណា បន្តថា ៖ «សព្វថ្ងៃខាងក្រសួងកសិកម្ម ដូចជាវិទ្យាស្ថានកំពុងទំនាក់ទំនងជាមួយគុយបាហ្នឹង ដើម្បីរៀបចំកម្មវិធីមួយទៅជួយផ្តល់បច្ចេកទេសនិងពូជស្រូវដល់កសិករនៅគុយបា ដើម្បីធ្វើការដាំដុះ។ ប្រតិភូរបស់គុយបា កាលពីថ្ងៃទី៣ ខែឧសភា បានមកវិទ្យាស្ថាន ដើម្បីពិនិត្យមើលពូជស្រូវមួយចំនួន ដែលយើងកំពុងធ្វើការស្រាវជ្រាវដាំដុះនៅកម្ពុជាយើង បន្ទាប់មកយើងនាំពូជទាំងនោះទៅកាន់ប្រទេសគុយបា ដើម្បី ជួយដល់រដ្ឋាភិបាលគុយ ដើម្បីផលិតស្បៀងឱ្យបានគ្រប់គ្រាន់»។
បើតាមលោក ឡោ ប៊ុណ្ណា ចាប់តាំងពីឆ្នាំ១៩៩០មករហូតដល់ពេលនេះ ខាងវិទ្យាស្ថានបានបញ្ចេញពូជស្រូវប្រមាណ៤៦ពូជហើយ ដោយពូជស្រូវដែលកសិករដាំដុះរាល់ថ្ងៃនេះ ចែកពូជស្រូវទៅតាមក្សេត្របរិស្ថានខុសៗគ្នា ទៅតាមតំបន់ដែលមានទឹកតិច ឬទឹកច្រើន។
លោកថា នៅក្នុងនោះពូជ ដែលបានដាក់នៅក្នុងគោលនយោបាយសម្រាប់ជំរុញការនាំចេញអង្ករមានចំនួនជាង១០ពូជ ដើម្បីចែកទៅតាមក្សេត្របរិស្ថាន រួមមាន ពូជស្រូវស្រាលចំនួន៣ពូជ ពូជស្រូវកណ្តាលចំនួន៦ពូជ និងពូជស្រូវធ្ងន់ចំនួន៤ពូជ។ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ដោយក្នុងនោះពូជស្រូវដែលខាងវិទ្យាស្ថានបានប្រមូលមកទុកនិងសិក្សាស្រាវជ្រាវមានជាងពីរពាន់ពូជ ខណៈដែលពូជមានការពេញនិយមក្នុងការដាំដុះមានជាងមួយពាន់ពូជឯណោះ៕ ដោយ៖ វណ្ណ សុជាតា