គណបក្សភ្លើងទៀន សម្រេចចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរបោះឆ្នោតឆ្នាំ ២០២៣
ភ្នំពេញ៖ គណបក្សភ្លើងទៀននៅថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៣ បានសម្រេចដាក់ពាក្យស្នើចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ការដាក់ពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៣ បានទទួលស្គាល់ គណបក្សនេះ និងបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងនោះមានលោក ទាវ វណ្ណុល ជាប្រធានគណបក្ស និងមានអាសយដ្ឋានទីស្នាក់ការកណ្ដាលបច្ចុប្បន្ននៅផ្ទះលេខ៣២០អឺសេរ៉ូ ផ្លូវលេខ១០ម៉ែត្រថ្មី (បុរីពិភពថ្មី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់ឱ្យដឹងនៅថ្ងៃទីនៅក្រោយពេលដែលក្រុមការងាររបស់គណបក្សភ្លើងទៀនដាក់ពាក្យស្នើសុំចុះបញ្ជី នាថ្ងៃទី៧ ខែឧសភា ថា គណបក្សលោកបានដាក់បេក្ខជនឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅគ្រប់ ២៥ រាជធានី-ខេត្ត ដែលមានបេក្ខជនពេញសិទ្ធិចំនួន ១២៥ រូប និងបំរ៉ុង ១២៥ រូប។

លោកបានបន្តថា គ.ជ. ប បានទទួលពាក្យស្នើសុំចុះបញ្ជី និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស និងបានចេញបង្កាន់ដៃទទួលរួចហើយនៅថ្ងៃដដែលនោះ ប៉ុន្តែទោះជាយ៉ាងណា គណបក្សលោករងចាំមើលក្រែង គ.ជ. ប ស្នើសុំឱ្យមានការកែសម្រួលលើចំណុចខ្វះខាតអ្វីខ្លះ តែគណបក្សនេះបានរៀបចំឯកសារសព្វគ្រប់រួចរាល់អស់ហើយដែរ។
លោក ទាវ វណ្ណុល បានបញ្ជាក់ថា ៖ «ការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងគោលបំណងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ នៅពេលខាងមុខនេះ ដើម្បីដឹកនាំប្រទេសតាមរយៈការបោះឆ្នោត។ ទោះជាបែបនេះក្តី ចាប់ពីនេះ រហូតទល់នឹងការបោះឆ្នោតបើសិនជាមានការកៀបសង្កត់ ឬធ្វើទុក្ខបុកម្និញខ្លាំង គណបក្សយើងក៏នឹងពិចារណាមិនចូលរួមដែរ»។

ជាមួយគ្នានេះដែរ លោក ហង់ ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែឧសភា ដែរថា ក្រោយទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សភ្លើងទៀនរួច គ.ជ.ប នឹងធ្វើការត្រួតពិនិត្យនូវរាល់ឯកសាររបស់គណបក្សភ្លើងទៀន។
លោកបានបន្ថែមថា ប្រសិនជាមានចំណុចខ្វះចន្លោះ គ.ជ.ប នឹងស្នើសុំឱ្យគណបក្សនេះ ធ្វើការកែតម្រូវក្នុងរយៈពេល៥ ថ្ងៃ ប៉ុន្តែបើសិនជាត្រឹមត្រូវអស់ហើយនោះ គ.ជ.ប នឹងចេញសេចក្តីជូនដំណឹងទៅគណបក្សវិញ ហើយចេញសេចក្តីសម្រេចទទួលស្គាល់តែម្តង។
យោងតាម លទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៤ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន ៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៦ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ។
បើតាមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា។
ដោយឡែនៅថ្ងៃទី ៩ ខែឧសភា គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈោ្មះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។
ទោះបីជាមានគណបក្សនយោបាយជាង ១០ បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលដឹកនាំដោយ លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ខាងមុខឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
គណបក្សនេះ អះអាងមិនចូលរួមប្រកួតប្រជែងបោះឆ្នោត ជាមួយគណបក្សកាន់អំណាច និងគណបក្សផ្សេងទៀតក្រោមហេតុផលថា ៖ «ស្ថានភាពមិនទាន់អនុគ្រោះឲ្យយើង អាចចូលរួមប្រកួតប្រជែងឲ្យ បានពេញលេញនៅឡើយ»៕ ដោយ៖ គឹម យុត្ថារ៉ូ