មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះ ដោយសារភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅខេត្តភាគខាងលិចរបស់កាណាដា

អូតាវ៉ា៖ ខេត្តអាល់ប៊ឺរតា (Alberta) ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកាណាដា បានប្រកាសពីស្ថានភាពអាសន្នកាលពីថ្ងៃសៅរ៍ ពេលភ្លើងឆេះព្រៃទ្រង់ទ្រាយធំ «មិនធ្លាប់មានពីមុខមក» ក្នុងខេត្តមួយនេះ បានបង្ខំឱ្យមានការជម្លៀសខ្លួនប្រជាជនជាង ២៥ ០០០ នាក់ចេញពីផ្ទះសម្បែង។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្សរាប់ពាន់នាក់ផ្សេងៗទៀត ក៏ត្រូវបានជូនដំណឹងឱ្យត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ខណៈចំនួនភ្លើងឆេះព្រៃដែលក្លាយជាកាចសាហាវដោយសារខ្យល់បក់បោក និងភាពស្ងួតនៃតំបន់ បានកើនឡើងដល់ប្រមាណ ១១០ កន្លែង ទូទាំងខេត្តអាល់ប៊ឺរតា ដោយ ១ភាគ៣ កន្លែងក្នុងចំណោមនោះ មានស្ថានភាពលែងអាចគ្រប់គ្រងបាន។

អភិបាលខេត្តអាល់ប៊ឺរតា លោកស្រី Danielle Smith ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងគ្រាអាសន្ននៃរដ្ឋាភិបាលប្រចាំខេត្តរបស់លោកស្រីថា៖ «យើងប្រកាសភាពអាសន្នក្នុងខេត្ត ដើម្បីការពារសុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់ប្រជាជនខេត្តអាល់ប៊ឺរតា»។

មុនការប្រកាសនោះ លោកស្រី Smith បានថ្លែងថា ខេត្តអាល់ប៊ឺរតាបាននិងកំពុងជួបប្រទះនូវរដូវក្ដៅ ស្ងួត ហួតហែង និងងាយឆេះ «ដោយគ្រាន់តែផ្កាភ្លើង២-៣ប៉ុណ្ណោះ អាចធ្វើឱ្យមានភ្លើងឆេះព្រៃគួរឱ្យភ័យខ្លាចបាន»។ លោកស្រីបន្តថា៖ «លក្ខខណ្ឌទាំងនេះ បានធ្វើឲ្យមានស្ថានភាពមិនធ្លាប់មានពីមុនមក ដែលខេត្តរបស់យើងកំពុងប្រឈមមុខនៅថ្ងៃនេះ»។

បើយោងតាមលោកស្រី Smith ប្រជាជនក្នុងសហគមន៍ជាង ២០ ត្រូវបានជម្លៀសចេញ ហើយយ៉ាងហោចណាស់ព្រៃជាង ១២២ ០០០ ហិកតា ត្រូវបានឆេះ គិតត្រឹមថ្ងៃសៅរ៍។ លោកស្រីបានគូសបញ្ជាក់ផងដែរថា ការប្រកាសដាក់ស្ថានភាពអាសន្ន អាចផ្តល់ឱ្យរដ្ឋាភិបាលប្រចាំខេត្តអាល់ប៊ឺរតា មានសិទ្ធិអំណាចក្នុងការឆ្លើយតបទៅនឹងស្ថានភាពធ្ងន់ធ្ងរ រួមទាំងការប្រមូលធនធានបន្ថែម និងការបញ្ចេញកញ្ចប់មូលនិធិសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថា ស្ទើរតែទាំងមូលនៃខេត្តអាល់ប៊ឺរតា និងភាគច្រើននៃខេត្តជិតខាង Saskatchewan ក៏ដូចជាភាគមួយចំនួននៃតំបន់ Northwest Territories ប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃខ្លាំងក្លា។ នេះបើយោងតាមផែនទីគ្រោះថ្នាក់ភ្លើងឆេះព្រៃរបស់រដ្ឋាភិបាលសហព័ន្ធ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគខាងលិចនៃប្រទេសកាណាដារងការវាយប្រហារដោយភ្លើងឆេះព្រៃម្តងហើយម្តងទៀត ដោយសារធាតុអាកាសក្ដៅហួតហេតុ ដែលបង្កឡើងដោយសារការឡើងកម្ដៅនៃផែនដី៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner