ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅប្រទេសកុងហ្គោ កើនដល់ជាង ២០០ នាក់
កុងហ្គោ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅខេត្ត South Kivu ដែលស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ បានកើនឡើងលើសពី ២០០ នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់អាជ្ញាធរក្នុងតំបន់កាលពីថ្ងៃសៅរ៍។
លោក Thomas Bakenge អភិបាលតំបន់ Kalehe នៃខេត្ត South Kivu ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេបំផុត បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា សាកសពចំនួន ២០៣ ត្រូវបានគេរកឃើញ ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួននៅតែបន្តធ្វើ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ជោកជាំក្នុងតំបន់ Kalehe បានបណ្តាលឱ្យទឹកទន្លេនានានៅតាមជ្រលងភ្នំហូរហៀរកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យទឹកជន់លិចភូមិ Bushushu និង Nyamukubi ភ្លាមៗ។
ក្នុងភូមិ Nyamukubi ដែលទឹកជន់លិចផ្ទះរាប់រយខ្នង ក្រុមអ្នកជួយសង្គ្រោះ និងអ្នកដែលរស់រានមានជីវិត បាននាំគ្នាជីកកកាយតាមគំនរបាក់បែក ដើម្បីស្វែងរកសាកសពបន្ថែមទៀតនៅក្នុងភក់។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី អ្នកភូមិខ្លះបានយំសោកបោកខ្លួន ដោយសារបាត់បងសមាជិកគ្រួសារ ខណៈខ្លះទៀតនាំគ្នាប្រមូលសាកសពដែលគេរកឃើញពីភក់ ដាក់សណ្ដូកជាប់ៗគ្នា ដើម្បីឱ្យសាច់ញាតិងាយស្រួលចំណាំ។
អេភីបានស្រង់សម្ដីអ្នករស់រានមានជីវិតម្នាក់ក្នុងភូមិ Nyamukubi ឈ្មោះ Anuarite Zikujuwa ដែលបាននិយាយថា នាងបានបាត់បង់សមាជិកគ្រួសារទាំងអស់របស់ខ្លួន រួមទាំងអ្នករស់នៅជិតខាងជាច្រើនអ្នកផ្សេងទៀតផងដែរ។ ជនរងគ្រោះដដែលបន្តថា ភូមិទាំងមូលត្រូវកប់ទៅដោយភក់ ដែលមិនអាចឱ្យគេចំណាំដីត្រង់ណាជាត្រង់ណាបាន។
ចំណែកឯអ្នករួចជីវិតខ្លះទៀត បានប្រាប់អេភី ថា ទឹកជំនន់កើតឡើងភ្លាមៗលឿនពេក ដោយអូសទាំងមនុស្សទៅជាមួយតាមខ្សែទឹក ដែលហូរតាមស្ទឹងនៃជ្រលងខ្ពស់រាបក្នុងតំបន់ ចាក់ទៅបឹង Lake Kivu ដែលស្ថិតនៅចន្លោះព្រំដែននៃប្រទេសកុងហ្គោ និងរវ៉ាន់ដា។
គួរបញ្ជាក់ថា ទឹកជំនន់ និងការរអិលបាក់ដី មិនមែនជារឿងចម្លែក ដែលកើតឡើងនៅខេត្ត South Kivu នោះទេ។ គ្រោះមហន្តរាយទំហំស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៤ ដោយកាលនោះ ផ្ទះប្រមាណ ៧០០ ត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានសម្លាប់ និងជាង ១៣០ នាក់ បានបាត់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់បាននាំមកនូវភាពវេទនាដល់មនុស្សរាប់ពាន់នាក់នៅតាមតំបន់មួយចំនួននៅអាហ្រ្វិកខាងកើត ដោយផ្នែកខ្លះនៃប្រទេសអ៊ូហ្គង់ដា និងកេនយ៉ា ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ កាលពីដើមសប្ដាហ៍ ទឹកជំនន់ និងការរអិលបាក់ដីនៅរវ៉ាន់ដា ដែលស្ថិតនៅជាប់កុងហ្គោ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២៩ នាក់ និងកម្ទេចផ្ទះជាង ៥ ០០០ ខ្នង៕ ប្រែសម្រួល៖ ហួន ឌីណា