ពន្ធដារត្រៀមលក្ខណៈក្នុងការអនុវត្តប្រមូលពន្ធលើចំណេញមូលធននៅដើមឆ្នាំ២០២៤ខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យមន្រ្តីពាក់ព័ន្ធគ្រប់ខេត្តក្រុង ស្រុក ខណ្ឌ បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ការធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធនដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដោយបំពេញការងារយ៉ាងសកម្ម និងបុរេសកម្មដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះ នៅដើមឆ្នាំ២០២៤ខាងមុខ។

នៅក្នុងសិក្ខាសាលាអនឡាញ ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃដើមសប្តាហ៍មុននេះ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការកែទម្រង់វិស័យពន្ធដារដែលបានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានចាត់ទុកជាសា្ថប័នសាធារណៈនាំមុខមួយ តាមរយៈការអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការគ្រប់គ្រងទិន្នន័យ និងការប្រមូលពន្ធ ហើយតែងតែទទួលបានការកោតសរសើរពីថ្នាក់ជាតិ និងអន្តរជាតិ ចំពោះ ការអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់វិស័យពន្ធដារនៅកម្ពុជា។

លោកបានឱ្យដឹងថា ៖ «អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យពន្ធដារ ស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រ កៀរគរចំណូល និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលចំណូលពន្ធឱ្យបានគ្រប់ ឬលើសផែនការ ប្រចាំឆ្នាំ សំដៅចូលរួមចំណែកដល់ការចំណាយលើប្រតិបត្តិការរបស់ក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា»។

លោកបានបន្ថែមថា នៅពេលដែល ការចំណាយលើប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន មានគ្រប់គ្រាន់ នោះការផ្តល់សេវាសាធារណៈ ក៏កាន់តែល្អប្រសើរថែមទៀត និងចំណាយលើការដ្ឋានកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែមានការរីកចម្រើន ប្រយោជន៍ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោកស្រី ឌី ចាន់ធី ប្រធានការិយាល័យពន្ធចំណេញមូលធនទី២ នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធ គឺជាកាត្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលត្រូវចូលរួមបង់សម្រាប់ជាថវិការាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដល់ការចំណាយរបស់រាជរដ្ឋាភិបាល ទាំងការចំណាយលើកិច្ចដំណើរការរបស់ក្រសួង-ស្ថាប័ន ទាំងការចំណាយ លើកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ លើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន និងរុងរឿង។

លោកស្រី ឌី ចាន់ធី បានបន្ថែមថា ៖ «ប្រជាពលរដ្ឋគ្រប់រូបត្រូវបង់ពន្ធដោយសារថា នៅប្រទេសមួយដែលត្រូវបានបង្កើតមក គឺត្រូវមានប្រជាពលរដ្ឋជាសមាសធាតុ នៃប្រទេស និងមានរាជរដ្ឋាភិបាលជាក្បាលម៉ាស៊ីនគ្រប់គ្រងដឹកនាំប្រទេស។ ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេស រាជរដ្ឋាភិបាល មានតួនាទី និងភារកិច្ចសំខាន់ៗចំនួន ៤ ដើម្បីឱ្យប្រទេសដំណើរការប្រព្រឹត្តទៅដោយរលូន និងជោគជ័យ»។

សូមជម្រាបងថា អគ្គនាយកដ្ឋានពន្ធដារ កាលពីឆ្នាំ២០២២ បានសម្រេចផ្អាកការប្រមូលពន្ធលើផលចំណេញមូលផលពីវិស័យឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា រយៈពេល២ឆ្នាំបន្ថែមទៀត។ ការលើកពេលប្រមូលពន្ធនេះ ដើម្បីចូលរួមចំណែកដល់ការងើបឡើងវិញនៃអាជីវកម្ម និងសម្រួលដល់ដំណើរការសេដ្ឋកិច្ច ការវិនិយោគឡើងវិញជាដើម។ គោលការណ៍ពន្យាពេលប្រមូលពន្ធរយៈពេល២ឆ្នាំនេះ រដ្ឋបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២២មក រហូតដល់ដើមឆ្នាំ២០២៤ខាងមុខ៕ ដោយ៖ វណ្ណ សុជាតា

ads banner