ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានណែនាំដល់អ្នកប្រើប្រាស់ដងផ្លូវ ត្រូវចូលរួមគោរពគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានណែនាំដល់អ្នកប្រើប្រាស់ដងផ្លូវ ត្រូវចូលរួមគោរពគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ស្របពេលសង្គមស៊ីវិល ចង់ឃើញប៉ូលិសចរាចរណ៍ ក្រៅពីការណែនាំហើយ ក៏ត្រូវដាក់ពិន័យអ្នកដែលមិនបានគោរពគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើងផងដែរ។

បើតាមវីដេអូអប់រំដែលមានរយៈពេលជិតប្រាំមួយនាទីរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការអប់រំ និងការចូលរួមគោរពគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែឧសភានេះ ថា កម្លាំងប៉ូលិសចរាចរណ៍សហការជាមួយក្រុមកាយរិទ្ធ និងក្រុមយុវជនកាកបាទក្រហម បានចុះណែនាំភ្លាមៗទៅដល់អ្នកដែលប្រើប្រាស់ម៉ូតូ ឬយានយន្ត ដែលធ្វើការឈប់នៅលើគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង។

តាមរយៈវីដេអូនេះ បានឱ្យដឹងដែរថា ទោះបីជាមានកម្លាំងកាយរិទ្ធ យុវជនកាកបាទក្រហម ហើយនិងរួមទាំងកម្លាំងសមត្ថកិច្ចនៅក្នុងគោលដៅតាមបណ្ដាផ្លូវមួយចំនួននេះផងដែរ ក៏ប៉ុន្តែនៅតែមានប្រជាពលរដ្ឋមួយចំនួនតូចដែលធ្វើដំណើរនៅតាមដងផ្លូវបានបំពាននៅលើគំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើងនេះ ខណៈដែលប្រជាពលរដ្ឋបានឈប់យាន្តជំនិះរបស់ខ្លួន ដើម្បីគោរពភ្លើងសញ្ញាចរាចរណ៍។

ក្រុមយុវជនកាកបាទក្រហម និងកាយរិទ្ធកម្ពុជា បាននិយាយតាមរយៈវីដេអូនេះថា ៖ «ត្រូវហើយបង បងកំពុងតែឈប់ដើម្បីគោរពភ្លើងសញ្ញាចរាចរណ៍ តែបងបែរជាបំពានទៅលើគំនូសសញ្ញាចរាចរណ៍នេះទៅវិញ។ តើបងមានអារម្មណ៍យ៉ាងដែរ នៅពេលមានក្មេងអាយុ១០ឆ្នាំលើកដៃសំពះ ហើយប្រាប់បងថា នេះជាផ្លូវថ្មើរជើងទេ»។

ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឲ្យដឹងថា កន្លងមកលោកមើលឃើញមានការណែនាំ អប់រំ និងមានការហាមឃាត់ ទៅដល់អ្នកប្រើប្រាស់ម៉ូតូ យានយន្ត នៅតាមដងផ្លូវផងដែរ ទាក់ទងនឹងការគោរពគំនូសចរាចរណ៍សម្រាប់អ្នកថ្មើរជើង ពីសំណាក់មន្ត្រីប៉ូលីសចរចរណ៍មួយចំនួន។

លោកបានបន្តថា ប៉ុន្តែជាទូទៅលោកគិតថា ការអប់រំ ណែនាំទាំងនោះ វាហាក់បីដូចជាមិនជោគជ័យឡើយទៅលើអ្នកប្រើប្រាស់ដងផ្លូវ។

លោកបញ្ជាក់ថា ពេលខ្លះការអប់រំ គឺវាគ្រាន់ជាការកម្លា មិនបានធ្វើឱ្យមានការភ័យខ្លាចនោះទេ។ ហេតុនេះហើយសម្រាប់ការអនុវត្តច្បាប់ពេលខ្លះ ក៏ត្រូវតែមានការចាប់បង្ខំឱ្យអនុវត្ត គឺតាមរយៈការដាក់ពិន័យនេះឯង ដើម្បីឱ្យអ្នកប្រើប្រាស់ដងផ្លូវចូលរួមគោរពតាមការណែនាំនេះ។

បើទោះបីជាមានអ្នកប្រើប្រាស់ម៉ូតូ និងយានយន្តសព្វថ្ងៃនេះ មានការគោរពច្បាប់ចរាចរណ៍សម្រាប់តែកន្លែងដែលមានប៉ូលិសចរាចរណ៍ប្រចាំការក៏ដោយ ប៉ុន្តែបើសមត្ថកិច្ចមានការរៀបចំដាក់ពិន័យលើអ្នកមិនគោរពគំនូសសញ្ញាចរាចរណ៍ នោះប្រាកដជាទទួលបានលទ្ធផលល្អជាក់ជាមិនខាន។

លោក យង់ គិមអេង ថា៖ «អ៊ីចឹងទាំងអស់នេះហើយ វត្តមានរបស់ប៉ូលិសចរាចរណ៍គឺវាសំខាន់ ក៏ប៉ុន្តែគឺទាមទារឲ្យប៉ូលីសហ្នឹងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដែរ ហើយមិនមែនបានន័យថាប៉ូលិសទៅធ្វើផ្ដេសផ្ដាសដែលធ្វើឱ្យមានការអាក់អន់ចិត្តពីអ្នកធ្វើដំណើរនោះទេ ប៉ុន្តែសំខាន់បំផុតប្រសិនគាត់ខុស រឿងដែលត្រូវណែនាំ គឺណែនាំ រឿងដែលត្រូវផាកពិន័យ គឺផាកពិន័យ អាហ្នឹងបានត្រឹមត្រូវ»៕ ដោយ៖ ជា សុខនី

ads banner