កម្ពុជា-វៀតណាម ចុះអនុស្សរណៈ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិស័យកីឡានៃប្រទេសទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងនូងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងកីឡានៃប្រទេសទាំងពីរ តាមរយៈការបង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងបន្ថែមទៀត រួមទាំងការជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ។

ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើង រវាងរដ្ឋមន្ត្រីទេសចរណ៍កម្ពុជាឯកឧត្តម ថោង ខុន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមឯកឧត្តម ង្វៀង វ៉ាន់ហុង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ការចុះអនុស្សរណៈយោគយល់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាងស្ថាប័នទាំងពីរ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យនិងបច្ចុប្បន្នភាពអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។

លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែឧសភាថា ការចុះអនុស្សរណៈ នេះគឺជាលើកទីពីរ បន្ទាប់ពីអនុស្សរណៈ លើកទី១ ធ្វើឡើងកាលពីឆ្នាំ ២០១៥ ដើម្បីពង្រឹងនូងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកបានបន្តថា សម្រាប់ខ្លឹមសារពាក់ព័ន្ធនៃអនុស្សរណៈនេះ គឺភាគីទាំងពីរ ខិតខំជំរុញការផ្សព្វផ្សាយ ជាពិសេសប្រទេសពីរគោលមួយ ក្នុងការជំរុញការតភ្ជាប់ ពីទីក្រុងសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជាក្រុងភ្នំពេញ សៀមរាប ព្រះសីហនុ និងក្រុងហូជីមីញ និងហាណូយ នៃប្រទេសវៀតណាម។

ដោយសារឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជាផងនោះ ភាគីវៀតណាមក៏បានស្នើឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡាផងដែរ។

លោក ជុក ជំនោរ បានប្រាប់ថា ភាគីវៀតណាម នឹងបន្តផ្តល់ជូននូវការបណ្តុះបណ្តាលបន្ថែមទៀតទៅតាមតម្រូវការកម្ពុជាពាក់ព័ន្ធវិស័យកីឡា។ នៅថ្ងៃខាងមុខនេះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ របស់វៀតណាម ស្នើសុំឱ្យមានការចុះអនុស្សរណៈ មួយដើម្បីជំរុញនូវវិស័យកីឡា ហើយកិច្ចការងារនេះ ស្ថាប័នជំនាញនឹងពិភាក្សាបន្តបន្ទាប់»។

លោកបានកត់សម្គាល់ផងដែរថា ក្រោយពីមានការចុះអនុស្សរណៈរវាង ប្រទេសទាំងពីរចាប់ពីឆ្នាំ ២០១៥មក គឺ ភ្ញៀវទេសចរវៀតណាម មកកាន់កម្ពុជាមានកំណើនជាបន្តបន្ទាប់។

អ្នកនាំពាក្យបានបញ្ជាក់ថា ទីផ្សារទេសចរណ៍វៀតណាមមកកាន់កម្ពុជាតែងតែស្ថិតនៅក្នុងលំដាប់ទី១ ទី២ ឬទី៣ ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារកូវីដ ១៩ វិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះ។ យ៉ាងណាក៏ដោយបន្ទាប់ពីយើងគ្រប់គ្រងកូវីដ ១៩ បានល្អ ជាពិសេសក្នុងឆ្នាំ២០២២ចំនួនទេសចរវៀតណាម ចាប់ផ្តើមមានការកើនឡើងជាបណ្តើរៗឡើងវិញ»។

លំហូរទេសចរណ៍ប្រទេសទាំងពីរ ទាំងផ្លូវអាកាស គោក និងផ្លូវទឹកជាដើម មានការកើនឡើង ដោយសារតែប្រទេសទាំងពីរក៏កំពុងរៀបចំកំពង់ផែជាច្រើនជាក់ស្តែងកំពង់ផែទេសចរណ៍នៅខេត្តកែប និងខេត្តកំពត ដែលរំពឹងថាលំហូរភ្ញៀវទេសចរនឹងមានកាន់តែច្រើន។

សូមរំឮកដែរថា កាលពីឆ្នាំ២០១៥ កម្ពុជា និងវៀតណាមមានអនុស្សរណៈ រួចម្តងហើយ ដោយសារវិបត្តិកូវីដ ១៩នេះ វាមានការប្រែប្រួលនូវនិន្នាការ ដែលកម្ពុជាត្រូវការជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភ្ញៀវទេសចរណ៍ទាំងពីរផង និងភ្ញៀវទេសចរដែលឆ្លងកាត់ប្រទេសទាំងពីរផង។

លោក ជុក ជំនោរ បញ្ជាក់ថា ដូច្នេះបានភាគីវៀតណាមស្នើសុំឱ្យមានការចុះអនុស្សរណៈដើម្បីធ្វើបច្ចុប្បន្ននូវការងារសំខាន់ៗមួយចំនួន ហើយស្របពេលដែលប្រជាជនវៀតណាម និងគណៈប្រតិភូ បានអញ្ជើញមកចូលរួមបើកព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនេះផ្តោតសំខាន់លើការរួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខ័ណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ»៕ ដោយ៖ សុខ រក្សា

ads banner