រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ បានបញ្ចប់ការសាងសង់រួចរាល់ ខណៈដែលជំហានទី២ នឹងគ្រោងដំណើរការនៅដើមឆ្នាំក្រោយ
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១រួចរាល់ហើយ ខណៈដែលគម្រោងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី២កំពុងដំណើរការសាងសង់ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
ប្រភពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៥ ខែឧសភានេះ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា។
ប្រភពដដែលបន្តថា តបតាមផែនការមេដែលបានកំណត់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតបាន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលកំពុងដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ។
រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ បានជួយបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅផ្ទៃសេវាបច្ចុប្បន្ន ជាពិសេសតំបន់ជាយក្រុងភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខណ្ឌទាំងប្រាំពីរ។
ខណ្ឌទាំងនោះ រួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល និង២សង្កាត់នៃខណ្ឌព្រែកព្នៅ ដោយរួមទាំងក្រុងតាខ្មៅ ដែលមានសម្ពាធទឹកខ្សោយនៅម៉ោងតម្រូវការគំហុក ឬក៏គ្មានទឹកស្អាតប្រើប្រាស់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ឡើងវិញជាមួយនឹងសម្ពាធទឹកប្រសើរជាងមុន។
លើសពីនេះទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ដែរថា ចំណែកគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតបាន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤។
ប្រភពដដែលបន្តថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ អាចនឹងបំពេញបន្ថែមការពង្រីកផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទៅតាមតំបន់ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ និងទទួលបានទឹកស្អាតប្រើប្រាស់និងការងារពង្រីកបំពង់មេនាំទឹកត្រូវបញ្ចប់នាឆ្នាំ២០២៥ដើម្បីបំពេញតម្រូវការទឹកស្អាតជូន ដល់ប្រជាពលរដ្ឋដែលរស់នៅភាគខាងត្បូង និងខាងជើងរាជធានីភ្នំពេញ។
ជាមួយគ្នានេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងដែរថា ប្រជាជនកម្ពុជាជាងពីរលាននាក់ដែលរស់នៅរាជធានីភ្នំពេញ នឹងទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង «ជំហានទី១» បានចាប់ផ្តើមផលិតទឹកស្អាតបានចំនួន ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងបញ្ហាផ្គត់ផ្គង់បច្ចុប្បន្ន។
ស្ថានទូតបារាំងបានបញ្ជាក់ថា ប្រទេសបារាំងគាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាងពីរលាននាក់ដែលរស់នៅរាជធានីភ្នំពេញ!។ ប្រភពដដែលបន្តថា ក្នុងគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការបំពេញការងាររួមគ្នាប្រកបដោយជោគជ័យរវាងដៃគូអភិវឌ្ឍជាច្រើន ដែលគម្រោងនេះទទួលបានសហហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ(AFD) ធនាគារវិនិយោគអឺរ៉ុប(BEI) និងសហភាពអឺរ៉ុប និងព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផងដែរ។
ស្ថានទូតបារាំងបន្ថែមថា ហេតុដូច្នេះរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំងពីរជំហានខាងលើ នឹងជួយឆ្លើយតបទៅនឹងកង្វះទឹកស្អាត និងផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ជាយក្រុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ ដែលបានកំណត់ក្នុងផែនការមេទី៣ (២០១៦-២០៣០) របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
គម្រោងនេះត្រូវបានគាំទ្រដោយឥណទានចំនួនពីររបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងទំហំទឹកប្រាក់ ១៧៧.៣លានអឺរ៉ូ ព្រមទាំងឥណទាន ១០០លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុប (EIB) និងជំនួយឥតសំណងចំនួន១៣លានអឺរ៉ូ ពីសហភាពអឺរ៉ុប (EU) តាមរយៈមូលនិធិវិនិយោគអាស៊ី និងការវិនិយោគផ្ទាល់របស់រដ្ឋាករទឹកស្វយ័តភ្នំពេញចំនួន ៨០លានដុល្លារ៕
ដោយ៖ជា សុខនី


