សម្ដេចក្រឡាហោម ស ខេង ៖ ការលះបង់ តស៊ូរបស់អតីតយុទ្ធជន និងនិវត្តន៍ជននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខដូចសព្វថ្ងៃនេះ
ភ្នំពេញ៖ មន្ត្រីរាជការស៊ីវិលទូទៅ គ្រូបង្រៀន មន្ត្រីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន អតីតយុទ្ធជន ដែល បានតស៊ូលះបង់ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម នាសព្វថ្ងៃនេះ។
នេះជាការថ្លែងឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៣ក្នុងឱកាសសម្ដេចក្រឡាហោមអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងឡើងដោយបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្មគោល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុងបាត់ដំបងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
ទាក់ទងនឹងការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងនិវត្តន៍ជន និងមន្រ្តីផ្សេងៗ នេះដែរ លោក ទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា បានប្រាប់ឱ្យដឹងថា នេះគឺជាចំណុចមួយដែលល្អ ដែលរាជរដ្ឋាភិបាលគាត់បង្ហាញនូវការយកចិត្តទុកដាក់សម្រាប់មនុស្សចាស់ ជាពិសេសមនុស្សដែលធ្លាប់បានចូលរួម ដែលធ្លាប់បានជួយទៅសង្គមជាតិ។
លោកបានថ្លែងថា នេះមិនត្រឹមតែជាជំនួយ និងការលើកទឹកចិត្តដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកមន្ត្រីរាជការ និងយុទ្ធជនឯទៀតៗឱ្យយល់ពីតម្លៃនៃការខិតខំបំពេញការងារភារកិច្ចរបស់ខ្លួន»៕ដោយ៖ទិត្យ រានុពិចិត្រ


