ឯកឧត្តម កៅ ថាច៖ ការកសាងស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាង អវិជ្ជមាន
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការ កសាង ស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាងអវិជ្ជមាន ទាំងផ្លូវ ពុទ្ធចក្រ និងអាណាចក្រ ។បច្ច័យអវិជ្ជមាន គឺអ្នករត់ទូកដរបាត់ចំណូល។ ប៉ុន្តែ ផ្ទុយទៅសម្រាប់បច្ច័យវិជ្ជមាន គឺមានច្រើនលើសលប់ដែលផ្តល់ប្រយោជន៍ ដល់សាធារណជនទូទៅប្រើប្រាស់។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គ នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ រួម ជាមួយឧបាសិកា ហៀ អួន មានប្រសាសន៍ដូចនេះនៅក្នុងឱកាស ជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា ពាក្យថាស្ពាន គឺមាន ជាយូរមកហើយ ចាប់តាំងពីសម័យព្រះពុទ្ធ មានន័យថា ២៥៦៦ ឆ្នាំមុនមកម៉្លេះ។ ការកសាងស្ពាននៅស្រុកខ្មែរ គឺមានតាំងពីសម័យហ្វូណន សម័យជេនឡា សម័យមហានគរ និងសម័យក្រោយមហានគរ ជាពិសេសសម័យតេជោសែននេះ មានស្ពានច្រើនលើសលប់ ព្រមទាំងស្ពានអាកាសជាច្រើនថែមទៀត។
ការសាងសង់ស្ពាន និងផ្លូវ គឺជាបុណ្យកុសលដ៏ធំ ពីព្រោះថា ស្ពាន និងផ្លូវ គឺមានសារៈសំខាន់ខ្លាំង ដោយបានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ជូនដល់សាធារណជន។ ការសាងសង់ផ្លូវ និងស្ពាននេះ គឺស្របទៅនឹងទស្សនៈ វិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍជាតិ ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ស្ពាននេះ ឱ្យបានសមស្របតាមសមត្ថភាពស្ពានដែលអាចទ្រទម្ងន់បាន ចៀសវាងការផ្ទុកលើសទម្ងន់ និងត្រូវចូលរួមថែរក្សាការពារស្ពាន និងផ្លូវនេះ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។
គួរបញ្ជាក់ថា ស្ពានយាយអួន កៀនស្រែ (ស្ពានយោល) មានប្រវែង ១៦៣,៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ និងផ្លូវបេតុងមួយខ្សែប្រវែង ៣០០ ម៉ែត្រអមសង ខាងស្ពាន ដែលជាអំណោយរបស់សប្បុរសជន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ស្ពាននេះ តភ្ជាប់ស្រុកចំនួនពីរ ដែលខាងលិចស្ពានស្ថិតនៅក្នុងភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងខាងកើតស្ពានស្ថិតនៅក្នុងភូមិកៀនស្រែ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។ ស្ពានយាយអួន កៀនស្រែ បានចាប់ផ្តើមសាងសង់ នៅថ្ងៃទី១១ ខែមិថុនា និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៦ខែ៕ ដោយ៖ ង៉ាន់ ទិត្យ




