កាតាបន្តដឹកស្បៀងអាហារ និងសម្ភារៈពេទ្យ ទៅស៊ូដង់

ខាទុំ៖ ជើងហោះហើររបស់ប្រទេសកាតា បន្តដឹកស្បៀងអាហារ និងសម្ភារៈពេទ្យ ទៅកាន់ប្រទេសស៊ូដង់។

ជើងហោះហើរទីបីរបស់ប្រទេសកាតា ទៅកាន់ប្រទេសស៊ូដង់ ដោយបានដឹកស្បៀងអាហារ និងគ្រឿងបរិក្ខារពេទ្យជាង ២០ តោនដែលផ្តល់ដោយអង្គការសប្បុរសធម៌កាតា មូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍ (QFFD) និងកាតាក្រហមអឌ្ឍចន្ទន៍។ ជាមួយគ្នានេះដែរ ជើងហោះហើរបានត្រឡប់ពីកំពង់ផែស៊ូដង់ ដោយបានដឹកអ្នកជម្លៀស ៧១ នាក់ត្រឡប់ ទៅប្រទេសកាតាវិញដែរ។

មន្ត្រីជំនួយកំពូលរបស់អង្គការសហប្រជាជាតិបានស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ សម្រាប់ការចរចាបទឈប់បាញ់រវាងមេទ័ព ដែលកំពុងប្រយុទ្ធគ្នានៅប្រទេសស៊ូដង់ ខណៈដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះស្ថានភាពមនុស្សធម៌នៅដើមសប្តាហ៍ទីបួននៃការប្រយុទ្ធគ្នាដោយកាំភ្លើង និងការវាយប្រហារតាមអាកាសក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់។

កិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើនត្រូវបានប្រកាស ដោយគ្មានប្រសិទ្ធភាព ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ព និងកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី ១៥ ខែមេសា នៅក្នុងប្រទេសក្រីក្រ ដែលមានប្រវត្តិអស្ថិរភាពនយោបាយ។

ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សរាប់រយនាក់ ដែលភាគច្រើនជាជនស៊ីវិល រាប់ពាន់នាក់រងរបួស និងបង្កឱ្យមានការព្រមានជាច្រើនអំពីវិបត្តិមនុស្សធម៌ “មហន្តរាយ” ។ មនុស្សជាង ១០ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់រួចហើយ មកដល់ពេលនេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner