ការប្រកួតកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ មានអត្តពលិកមកពី ៧ប្រទេសចូលរួម
ការប្រកួតកីឡា កាយសម្ព័ន្ធ នៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលចាប់ផ្ដើម នៅព្រឹក ថ្ងៃទី៨ ខែឧសភា ក្នុងពហុកីឡាដ្ឋានជាតិនោះ ធ្វើឡើង ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដោយមានអត្តពលិកមកពី៧ប្រទេស ចូលរួម ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា អត្តពលិកទាំង៧ប្រទេសដែលចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍នេះ រួមមាន ៖ វៀតណាម ថៃ ឥណ្ឌូណេស៊ី សិង្ហ បូរី ហ្វីលីពីន ម៉ាឡេស៊ី និង កម្ពុជាជាម្ចាស់ផ្ទះ ដោយប្រកួតលើ១៤វិញ្ញាសា គឺកាយសម្ព័ន្ធ អាទីស្ទីក ចំនួន៨វិញ្ញាសា និង កាយសម្ព័ន្ធ អាអេរ៉ូប៊ីក ៦វិញ្ញាសា ចាប់ផ្ដើមប្រកួត ពីថ្ងៃទី៨ខែ ឧសភា និង បញ្ចប់នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៣ ។
សម្រាប់កម្ពុជា បានដាក់ កីឡាករកីឡាការិនីចំនួន ១៥នាក់ឲ្យចូលរួមប្រជែងមេដាយ ក្នុងនោះលើវិញ្ញាសាអាទីស្ទីក កីឡាករ៦នាក់ និង វិញ្ញាសាអាអេរ៉ូប៊ីក អត្តពិល៩នាក់ មានកីឡាការិនី៥នាក់ ។

ឯកឧត្តមអគ្គលេខាធិការបានកត់សម្គាល់ថា ក្រោយពីធ្វើការហ្វឹកហាត់នៅប្រទេសចិន សមត្ថភាពកីឡាករ កីឡាការិនីយើង មានការវិវឌ្ឍរីកចម្រើនខ្លាំង ។តែក៏យើងនៅមានបញ្ហាប្រឈមផងដែរ ដោយសារ អត្តពលិកក្នុងតំបន់របស់យើង គឺជាប្រភេទអត្តពលិកវើលឈែមភៀន និង ខ្វលីហ្វាយអូឡាំពិកអស់ហើយ ។ តែទោះជាយ៉ាងណា យើងរំពឹងថា អត្តពលិករបស់យើង នឹងអាចបំបែកកំណត់ត្រារបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះបាន ។

ឯកឧត្តម ណយ ផាណា បានលើកឡើងដែរថា ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្ដរជាតិ ដែលបានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ បានកោតសរសើរដល់កម្ពុជា ដែលបានរៀបចំពិធីបើកមានលក្ខណៈល្អ មហាអស្ចារ្យ ហើយពេលលោក មកពិនិត្យមើលទីតាំងប្រកួត កីឡាកាយសម្ព័ន្ធទៀត លោកមានការភ្ញាក់ផ្អើល គឺកម្ពុជាបានរៀបចំទីលានប្រកួត បានយ៉ាង ល្អកម្រឹតស្ដង់ដារអន្ដរជាតិ ។

ដោយឡែកសម្រាប់ ការទទួលស្វាគមន៍បដិសណ្ខារកិច្ចភ្ញៀវ សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ ទាំងការហូបចុក ស្នាក់នៅ ការធ្វើដំណើរដឹកជញ្ជូន គឺមានលក្ខណៈល្អប្រសើរប្រព្រឹត្តិទៅដោយរលូន ទទួលបានការកោតសរសើរពីភ្ញៀវ ។
សូមជម្រាបជូនថា ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធ ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិនេះ គណៈកម្មការរៀបចំការប្រកួត បានរៀបចំកន្លែងសម្រាប់ទស្សនិកជនចូលរួមទស្សនាផងដែរ គឺអាចទស្សនាដោយ សេរី ពុំមានលក់សំបុត្រឡើយ ៕

ជាវ ចន្ធូ