វីតាល់ចាត់ទុកវិស័យបរិស្ថាន ជាវិស័យអទិភាពទាំង៤ នៃសសរស្តម្ភការងារសង្គម
ស្ទឹងត្រែង៖ លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វិស័យបរិស្ថាន គឺជាវិស័យអទិភាព ដែលវីតាល់បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្តម្ភការងារសង្គម របស់វីតាល់។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា រាប់ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម វីតាល់បានកំណត់អទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងប្រកបដោយអនាម័យប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែលវីតាល់បានកំណត់ជាអតិភាពផងដែរ។

លោកប្រធានប្រតិបត្តិបន្តថា ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ វីតាល់បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរពីសាធារណៈជន រួមមានគម្រោង Vital Go Green ដែលបានរៀបចំឡើងកាលពីឆ្នាំ២០១៥ តាមរយៈការដកប្លាស្ទិកលើគម្រប ដែលវីតាល់បានធ្វើមុនគេ សម្រាប់វិស័យទឹកដបនៅកម្ពុជា។ លោក ហេង វ៉ាន់សាក់ បន្ថែមថា គំរូនេះបានក្លាយជាចលករ នៃការផ្លាស់ប្តូរបរិបទ នៃការផលិតទឹកដប ដោយពុំមានប្លាស្ទិកលើគម្របដបសម្រាប់ទីផ្សារកម្ពុជា។

ឈរលើមូលដ្នាននេះ, ក្រុមការងារវីតាល់បានខិតខំយ៉ាងសកម្មក្នុងការរៀបចំបន្ថែមនូវទៀត សកម្មភាពបរិស្ថានជាមួយដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជាចំណែកនៃការស្តារផលប៉ះពាល់ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថានរបស់កម្ពុជា និងសកលលោក។

ការលើកឡើងបែបនេះរបស់លោក ហេង វ៉ាន់សាក់ ធ្វើឡើងនាឱកាសដែលក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) សហការជាមួយក្រសួងបរិស្ថានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» កាលពីថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕


អត្ថបទ៖ ឈឹម ទីណា