មនុស្ស ២១នាក់បានស្លាប់ ក្នុងហេតុការណ៍លិចទូក ក្នុងរដ្ឋមួយរបស់ឥណ្ឌា

ញូដេលី ៖ ហេតុការណ៍ក្រឡាប់លិចទូក នៅរដ្ឋ Kerala នៃប្រទេសឥណ្ឌា សម្លាប់មនុស្សចំនួន ២១នាក់។

អាជ្ញាធរក្នុងតំបន់ បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សចំនួន ២១នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅឯទីក្រុងឆ្នេរសមុទ្រតានួរ (Tanur) ក្នុងស្រុកម៉ាឡាបពួរ៉ាម (Malappuram) នៃរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ដោយហេតុការណ៍លិចទូកនេះកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ។

បើតាមក្រុមមន្ត្រីឥណ្ឌា ទូកដែលផ្ទុកអ្នកដំណើរប្រហែល ៤០នាក់បានក្រឡាប់លិច ហើយមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ទៀត ស្លាប់ឱ្យបា្រកដនោះទេ ខណៈអ្នកដំណើរប្រហែល ១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ដោយមនុស្សជាច្រើនត្រូវបានបញ្ជូនមកវិញបន្ទាប់ពីការសង្គ្រោះបឋម។

ចំនួនអ្នកស្លាប់ទំនងជាកើនឡើង រីឯទូកកំពុងត្រូវបានទាញចេញមក ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុង ហើយក្រុមមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ត្រូវបានបញ្ជូនទៅធ្វើប្រតិបត្តិការ សង្គ្រោះ នៅទីនោះភ្លាមៗ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner