សម្តេចតេជោ ហ៊ុន សែន អំពាវនាវចំពោះនាយឧត្តមសេនីយ សៅ សុខា ឱ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។

តាមរយៈសារសំឡេងនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានដឹងពីភាពសោកស្ដាយរបស់មហាជនជាច្រើន ចំពោះការប្រកាសលាឈប់របស់ឯកឧត្តម សៅ សុខា កាលពីយប់ថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។

សម្ដេច ក៏បានបង្ហាញភាពសោកស្ដាយដូចប្រជាពលរដ្ឋរួមជាតិ ព្រោះមើលឃើញពីភាពរីកចម្រើនគួរកត់សម្គាល់របស់កីឡាបាល់ទាត់ខ្មែរ ចាប់តាំងពីឯកឧត្ដម សៅ សុខា ចូលកាន់តួនាទីជាតិប្រធានសហព័ន្ធ។ ដូច្នេះហើយបានជាសម្ដេចតេជោអំពាវនាវឯកឧត្ដម សៅ សុខា បន្តការងារដ៏សំខាន់មួយនេះតទៅមុខទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈការធ្វើការងារ និងមនោសញ្ចេតនារវាងសម្ដេចតេជោ និងឯកឧត្ដម សម្ដេចតេជោ សង្ឃឹមថា ឯកឧត្ដម សៅ សុខា នឹងបន្តទទួលយកការសំណូមពររបស់សម្ដេចតេជោ បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត ។

សូមរំលឹកថា ការប្រកាសលាឈប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ចាញ់២ប្រកួតជាប់គ្នា និងក្រោយពេលកម្ពុជា ចាញ់សហភាពមីយ៉ាន់ម៉ា ០-២ នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ដោយសល់ក្តីរំពឹងតិចតួចឡើងទៅវគ្គបន្តក្នុងការប្រកួតស៊ីហ្គេម ២០២៣ ។

យោងគណនីហ្វេសបុកផ្លូវការ ឯកឧត្តមបានបញ្ជាក់តាមសំណេរថា បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ឯកឧត្តមគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ដោយសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ហើយប្រគល់ជូនលោកឧ.ខៀវ សាម៉េត អនុប្រធានស.ប.ក (សហព័ន្ធកីឡាបាល់ទាត់កម្ពុជា) ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ ។ ឯកឧត្តមក៏សូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រអោយបន្តតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលឯកឧត្តមពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តមក៏បានអរគុណលោកអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយជាមួយឯកឧត្តមធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។

សូមជម្រាបជូនថា ក្រោយឆ្លងកាត់បីប្រកួតម្នាក់ក្នុងពូល A ឥណ្ឌូនេស៊ីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មាន៩ពិន្ទុ បីប្រកួតឈ្នះទាំងបី សហភាពលេខ២មាន៦ពិន្ទុ បីប្រកួតឈ្នះពីរ ចាញ់មួយ កម្ពុជា មាន៤ពិន្ទុ ឈ្នះមួយ ស្មើមួយ និងចាញ់មួយ។ ដើម្បីបានឡើងទៅវគ្គបន្តកម្ពុជា ត្រូវការឈ្នះដាច់ខាតពេលជួបឥណ្ឌូនេស៊ី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ និងសហភាពមីយ៉ាន់ម៉ាចាញ់ទីម័រខាងកើត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner