ប្រតិភូខេត្តហ៊ូណានស្នើសុំចុះអនុស្សរណៈយោគយល់(MOU)ជាមួយកម្ពុជា ដើម្បីបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់បន្តនៅទីនោះ
ភ្នំពេញ ៖ ប្រតិភូខេត្តហ៊ូណាន ដែលដឹកនាំដោយប្រធានមន្ទីរកីឡាខេត្តបានអញ្ជើញមកធ្វើទស្សនកិច្ច ដើម្បីពិនិត្យមើលការៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងបានស្នើសុំចុះអនុស្សរណៈយោគយល់ (MOU) ខ្លីមួយ ថានឹងបន្តកិច្ចសហការក្នុងការទុកឱ្យកីឡាករ កីឡាការិនីកម្ពុជាហ្វឹកហាត់នៅទីនោះបន្តទៀត ជាមួយគណៈកម្មការជាតិអូឡាំពិក ដែលពីធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅពហុកីឡដ្ឋានមេតកតេជោ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា យើងនៅសល់កិច្ចព្រមព្រៀងដែលជាជំនួយឥតសំណងក្នុងការទទួលយកកីឡាករ កីឡាការិនីកម្ពុជាទៅហ្វឹកហាត់ ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមចប់ ក៏នៅតែបន្ត ឱ្យបានពីរ ឬបីខែទៀត ដើម្បីបញ្ចប់គម្រោងថវិកាសម្រាប់ការហ្វឹកហាត់នៅចិន។ នេះជាការល្អមួយដែលយើងអាចបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់បន្តនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមហើយ ដើម្បីត្រៀមចូលរួមប្រកួតអេស៊ានហ្គេម នៅប្រទេសចិន។ នេះជាការចុះបន្តនូវ MOU ម្ដងទៀត រវាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងមន្ទីកីឡាខេត្តហ៊ូណាន។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែមទៀតថា ជាកិច្ចសហប្រតិបត្តិការមួយដើម្បីត្រៀមបណ្តុះបណ្តាលផ្នែកបច្ចេកទេស ហើយក៏មានការរៀបចំចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រម៉ូតគ្នាទៅវិញទៅមក ជួយផ្សព្វផ្សាយគ្នាទៅវិញទៅមក នៅក្នុងកម្មវិធីនៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដែលហៅថា កីឡារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិផ្សេងៗនៅកម្ពុជា និងនៅខេត្តហ៊ូណាន ដោយទាក់ទាញអ្នកចូលរួមរត់ពីកម្ពុជាទៅខេត្តហ៊ូណាន និងពីខេត្តហ៊ូណាន មកកម្ពុជា។ នេះជាអ្វីដែលយើងខិតខំប្រឹងប្រែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ MOUនៃ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង យើងនឹងផ្សព្វផ្សាយថាយើងជាដៃគូរបស់ទិវារត់ប្រណាំង នៅឯខេត្តហ៊ូណានអំឡុងពេលរត់ប្រណាំង ហើយយើងនឹងផ្លាស់ប្ដូរគ្នា ដោយបញ្ជូនឱ្យកីឡាករកម្ពុជាសាកល្បងទៅរត់នៅខេត្តហ៊ូណាន ហើយខេត្តហ៊ូណានក៏បញ្ជូនកីឡាកររបស់ខ្លួនមកកម្ពុជាវិញដែរ។
ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងត្រូវការប្រទេសធំដែលមានលទ្ធភាព និងមានវិស័យកីឡារីកចម្រើន ដើម្បីស្រូបយកបទពិសោធន៍ និងជំនាញបន្ថែមទៀត ដល់ការលើកកម្ពស់កម្រិតការយល់ដឹងខាងផ្នែកកីឡារបស់កម្ពុជាយើង។

សូមបញ្ជាក់ថា ខេត្តហ៊ូណានជាខេត្តដែលទទួលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ក្រោមមូលនិធិជួយការហ្វឹកហាត់ ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕

ជាវ ចន្ធូ