ក្រសួងបរិស្ថាន និង ដៃគូ បើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ រួមគ្នាបើកយុទ្ធការអន្ទាក់សូន្យដំណាក់កាលទី២នៅក្នុង ខេត្តកំពង់ស្ពឺ នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៣សំដៅធ្វើយ៉ាងណា អប់រំ ផ្សព្វផ្សាយក៏ដូចជាទប់ស្កាត់ការសម្លាប់សត្វព្រៃពីសំណាក់ជនល្មើសក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ការបើកយុទ្ធនាការសូន្យនេះដែរក្នុងគោលបំណងសំខាន់កាត់បន្ថយ និង ទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងកំពង់ស្ពឺ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ” អន្ទាក់សូន្យ”ក្នុងខេត្តកំពង់ស្ពឺ នាទីស្តីការ ក្រសួងបរិស្ថាន ក្នុងរសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖គោលដៅរបស់ក្រសួងបានដាក់គោលដៅទៅខេត្តកំពង់ស្ពឺដោយសារខេត្តនេះក៏សម្បូរទៅដោយសត្វព្រៃ ហើយខេត្តនេះក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ។ខេត្តកំពង់ស្ពឺក៏មានការដាក់អន្ទាក់សម្លាប់សត្វព្រៃផងដែរ ហើយតាមរយៈការធ្វើយុទ្ធនាការនេះគេរំពឹងថាអាចនឹងជួយកាត់បន្ថយការដាក់អន្ទាក់សម្លាប់សត្វព្រៃ ហើយក៏ជាផ្នែកមួយជួយជំរុញដល់ការបឈ្ឈប់ការបរិភោគសាច់សត្វព្រៃដែលលជាបញ្ហាប្រឈមមួយចំពោះការកើតមេរោគដល់ក្នុងចំណោមអ្នកអ្នកចូលចិត្តបរិភោគសត្វព្រៃទៀតផង។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជនដើម្បីរួមគ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ និងរួមគ្នាអភិរក្សសត្វព្រៃដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម កៅ សុវណ្ណរិទ្ធ្អ អភិបាលរង នៃ គណៈអភិបាល ខេត្តកំពង់ស្ពឺបានថ្លែងថា៖ក្នុងខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយក៏ជាកន្លែងសក្តានុពលនៃតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់មួយនៅប្រទេសកម្ពុជាផងដែរ។ហេតុនេះអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវបឈ្ឈប់ការលក់សាច់សត្វព្រៃ ហើយដែលកត្តានេះហើយ ជួយក្នុងការកាត់បន្ថយការសម្លាប់សត្វព្រៃ។យើងនឹងជំរុញដល់ប្រជាសហគមន៍ឱ្យបម្រើលើវិស័យទេសចរណ៍ ។ ត្រូវឱ្យសហគមន៍មានចំណូល មានការងារធ្វើ ហើយត្រូវឱ្យពួកគាត់ចូលរួមថែរក្សាអភិរក្សសត្វព្រៃជំនួសវិញ ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា”យើងត្រូវបានបង្កើនជីវភាពមូលដ្ឋាន ត្រូវឱ្យគាត់ងាកមកថែរក្សាសត្វព្រៃ អ្នកដែលធ្លាប់ដាក់អន្ទាក់សត្វព្រៃត្រូវងាកមកចូលរួមថែរក្សា និងអភិរក្សសត្វព្រៃជំនួសវិញ”។

គួរបញ្ជាក់ថាខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ រួមមាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕

អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ង៉ាន់ ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner