មនុស្សស្លាប់កើនជាង៤០០នាក់ ក្នុងគ្រោះទឹកជំនន់នៅកុងហ្គោ

គីនស្ហាសា៖ អ្នករស់រានមានជីវិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិងកំពុងកាន់ទុក្ខដល់ជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមនុស្សជាង៤០០នាក់ស្លាប់ ដែលនេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកុងហ្គោ។

ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់នៅក្នុងប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ជំនន់ទឹកទន្លេបានបង្កការបាក់ច្រាំងនៅក្នុងខេត្ត South Kivu ហើយទន្ទឹមគ្នា លំនៅដ្ឋាន និងសាលារៀនជាច្រើន ត្រូវបានគេរាយការណ៍ថា បានរងការបំផ្លិចបំផ្លាញដោយសារការរអិលបាក់ដីភ្លាមៗ។

កាកបាទក្រហមកុងហ្គោបាននិយាយថា គិតមកទល់ពេលនេះ សាកសពមនុស្ស២៧៤នាក់ត្រូវបានគេបញ្ចុះរួចរាល់ ដែលភាគច្រើនជាស្ត្រី និងកុមារ ប៉ុន្តែចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលជនរងគ្រោះរាប់រយនាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

ស្របពេលជាមួយគ្នានេះដែរ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបាននិងកំពុងធ្វើឱ្យភ្លៀងធ្លាក់នៅទ្វីបអាហ្រ្វិកកាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លា។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសជិតខាងកុងហ្គោផងដែរ ក្នុងនោះរួមមានរវ៉ាន់ដា និងអ៊ូហ្គង់ដា ខណៈដែលមនុស្ស១៣០នាក់បានស្លាប់៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner