សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យវិនិយោគវីចតូរីយ៉ា នឹងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជា និងអូស្ត្រាលី

ភ្នំពេញ:​ សភាពាណិជ្ជកម្មកម្ពុជា បាន ចាប់ផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម ជាមួយធុរជនអូស្រ្តាលី ជាពិសេសនៅ ទីក្រុង មែលប៊ន ប្រទេសអូស្រ្តាលី បន្ទាប់ពីមានការិយាល័យតំណាងនៅក្នុងប្រទេសនេះ ដោយរំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។

នៅមុនមួយថ្ងៃ នៃការចូលរួមបោះឆ្នោតជ្រើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្រ្តាលី កា លពីដើមសប្តាហ៍នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយ លោកស្រី ឡូរ៉ា បឺក ប្រធានតំ បន់អាស៊ីយអាគ្នេយ៍ នៃរដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ក្នុងគោលបំ ណងនៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលទីក្រុងមែលប៊ន និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរវាងធុរជនកម្ពុជានិងអូស្ត្រាលី។

នៅក្នុងជំនួបនោះ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្ត្រាលី បានគាំទ្រដល់ការជំរុញធុរកិច្ចនិងវិនិយោគទ្វេភាគីឲ្យកាន់តែច្រើនឡើងថែមទៀត។
ឧកញ៉ាបានប្រាប់ថា ៖ «ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរ ខណៈដែលកម្ពុជាបានផ្តល់ឱកាសធុរកិច្ច សក្តានុពល និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ការវិនិយោគ»។

បើតាមឧកញ៉ា លឹម ហេង ការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មាន២ ទីតាំង ដោយទីតាំងទីមួយស្ថិតនៅទីក្រុងមែលប៊ន និងទីពីរស្ថិតនៅទីក្រុង ស៊ីដនី ដោយការិយាល័យទាំងពីរនេះ មានប្រធានតំណាង២រូប។
«ក្រោយបង្កើតការិយាល័យ នៅទីក្រុងទាំងពីរនេះ យើងនឹងចាប់ផ្តើមពង្រីកទំនាក់ទំនងទ្វេភាគី រវាងពាណិជ្ជករ និងពាណិជ្ជករ វិស័យឯកជន និងវិស័យឯកជន ទន្ទឹមដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលមានអូស្រ្តាលីនៅក្នុងហ្នឹងដែរ នឹងអាចជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព»។ លោកបានបញ្ជាក់បន្ថែម។

ឧកញ៉ាបានបន្តថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ មានកំណើនជា ង ៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា បានប ង្ហាញសុទិដ្ឋិនិយមថា កាបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសអូស្រ្តាលីនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។

ឧកញ៉ាបានគូសបញ្ជាក់ថា ៖ «ការជំរុញបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមបណ្ដាប្រទេសនានា នឹងកា ន់តែធ្វើឲ្យទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ កាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ការិយាល័យតំណាងសភាពា ណិ ជ្ជកម្ម ក៏ជាកន្លែងដើម្បីឲ្យក្រុមវិនិយោគិនពិភាក្សាគ្នា ដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយទៅវិញទៅមក ផងដែរ។ ម្យ៉ាវិញទៀតថា រាល់ការចំណាយលើការបើកការិយាល័យតំណាងសភាពាពិជ្ជកម្មទាំងអស់ គឺមិនមានប្រើប្រាស់ថវិកាជាតិ នោះឡើយ»។

ជាមួយគ្នានេះដែរ តាមរយៈ សភាពាណិជ្ជកម្មកម្ពុជា លោកស្រី ឡូរ៉ា បឺក ប្រធានតំបន់អាស៊ីយអាគ្នេយ៍ នៃ រដ្ឋាភិបាលវីចតូរីយ៉ា នៅការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានលើកឡើងដែរ ថា កំណើននៃទំហំពាណិជ្ជកម្មនិងការនាំចូលទំនិញពីកម្ពុជាមកទីក្រុងមែលប៊ន កើនឡើងគួរឱ្យកត់សម្គាល់។

លោកស្រីបានបន្ថែមថា កន្លងទៅខាងការិយាល័យវិនិយោគវីចតូរីយ៉ា ទីក្រុងមែលប៊ន ធ្លាប់តែជួបពិភាក្សា ជាមួយសភាពាណិ ជ្ជកម្ម សភាពាណិជ្ជកម្មថៃ និងហ្វីលីពីនជាដើម មិនដែលធ្លាប់ជួបវិស័យឯកជនកម្ពុជានោះទេ តែលើកនេះបានជួបសភាពា ណិជ្ជកម្មកម្ពុជា ដែលនេះជាឱកាសមួយសម្រាប់ការពង្រីកការវិនិយោគរវាងប្រទេសទាំងពីរ។

លោកស្រី ឡូរ៉ា បឺក បានបញ្ជាក់ទៀតថា ៖ «រដ្ឋាភិបាលអូស្រ្តាលី មានគោលនយោបាយគាំទ្រនានា ចំពោះវិនិយោគិនបរទេស ដែលមានបំណងវិនិយោគនៅទីក្រុងមែលប៊ន។ វាមានផលសម្រាប់ប្រទេសទាំងពីរ ខណៈយើងមានកិច្ចសហប្រតិបត្តិការនា នារវាងកម្ពុជានិងអូស្ត្រាលីស្រាប់។យើងកំពុងតែរកតែដៃគូវិស័យឯកជន ដើម្បីជជែកគ្នាពីការវិវត្តនៃគោលនយោបាយសេដ្ឋកិ ច្ចរបស់ កិច្ចព្រមព្រៀង RCEP នេះ»។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់សរុបជាង ១៣៥លានដុល្លារ បានកើនឡើងជាង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់អូស្រ្តាលី មានប្រមាណជាង ៩៨លានដុល្លារ។ រីឯ ការនាំចូលពីអូស្រ្តាលីមកកាន់កម្ពុជាវិញ មានប្រមាណជាង ៣៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
 ដោយ:វណ្ណ សុជាតា

ads banner