អបអរសាទរ កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ

ភ្នំពេញ៖ អបអរសាទរកីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។

កីឡាការិនី ពៅ សុខា ធ្លាប់ឈ្នះមេដាយពិភពលោក៥គ្រឿង កាលពីឆ្នាំ២០១៧ នៅប្រទេសឥណ្ឌា ក្នុងនោះមានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ១។ កីឡាការិនី ពៅ សុខា បានចូលហ្វឹកហាត់កីឡាវ៉ូវីណាម កាលពីឆ្នាំ២០១១។ កីឡាការិនីរូបនេះ បានក្លាយជាម្ចាស់ជើងឯកពិភពលោក ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា និងឈ្នះ World Championship ម្ដងទៀត ឆ្នាំ២០១៩ នៅកម្ពុជា។ នៅអំឡុងខែឧសភា ឆ្នាំ២០២២ កញ្ញា ពៅ សុខា បានឈ្នះមេដាយសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កីឡាការិនី ពៅ សុខា ទទួលបានមេដាយមាស៣, ប្រាក់១ និងសំរឹទ្ធ១ ក្នុងចំណោមវិញ្ញាសាទាំង៥ ដែលកញ្ញាចូលរួមប្រកួតប្រជែង ក្នុងនោះសម្រាប់មេដាយមាស៣គ្រឿង គឺបានលើការប្រកួតវិញ្ញាសាក្រុមទាំង៣ វិញ្ញាសាសម្តែងគុនដាវនារី២នាក់ វិញ្ញាសាសម្តែងក្រុមនារី៣នាក់បុរស៤នាក់ និងវិញ្ញាសាសម្តែងគុនដាវនារី៥នាក់។ ចំពោះមេដាយប្រាក់បានទៅលើវិញ្ញាសាសម្តែងគុនដាវនារីឯកត្តជន និងមេសាយសំរឹទ្ធបានលើវិញ្ញាសាសម្តែងនារី២នាក់អត់អាវុធ។

ចំណែកកីឡាការិនី សឿ ច័ន្ទលក្ខិណា កើតនៅក្នុងគ្រួសារមធ្យមមួយ។ សឿ ច័ន្ទលក្ខិណា បានចាប់ផ្ដើមហ្វឹកហាត់ កីឡាវ៉ូវីណានៅចុងឆ្នាំ២០១០ ដែលជាប្រភេទវិញ្ញាសាថ្មីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នៅឆ្នាំ២០១៣ សឿ ច័ន្ទលក្ខិណា បានជាប់ឈ្មោះជាកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ហើយបានចេញទៅហ្វឹកហាត់កីឡាមួយប្រភេទនេះនៅប្រទេសវៀតណាម រយៈពេល២ខែ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ហើយការចូលរួមប្រកួតស៊ីហ្គេមនៅមីយ៉ាន់ម៉ា កីឡាការិនី សឿ ច័ន្ទលក្ខិណាទទួលបានមេដាយមាស ក្នុងប្រភេទវិញ្ញាសាប្រកួតសម្តែងប្រុស៣ ស្រី១ ដោយបានយកឈ្នះក្រុមជម្រើសជាតិវៀតណាម ដែលជាម្ចាស់កំណើតកីឡាមួយប្រភេទនេះ ។ កីឡាករទាំង៣នាក់ ដែលសម្តែងប្រកួតជាមួយកញ្ញាគឺ កើត សុភ័ក្តិ, សឹង វិសាល និង ជិន ពិសិដ្ឋ។

ចំណែកជើងឯកវ៉ូវីណាមពិភពលោក៖ នៅឆ្នាំ២០១៧ សឿ ចន្ទលក្ខិណា បានរួមជាមួយក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានចូលរួមការប្រកួតជ្រើសរើសជើងវ៉ូវីណាមពិភពលោក នៅប្រទេសឥណ្ឌា។ ក្រុមជម្រើសជាតិកម្ពុជា ទទួលបានមេដាយ ២២គ្រឿង ក្នុងនោះមាស៤ ប្រាក់៩ និងសំរិទ្ធ៩។ ដោយកីឡាការិនី សឿ ចន្ទលក្ខិណា ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ។

សព្វថ្ងៃនេះកីឡាការិនី សឿ ចន្ទលក្ខិណា បានកំពុងខិតខំហ្វឹកហាត់កីឡាវ៉ូវីណាម ដើម្បីត្រៀមខ្លួនការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ចំពោះមេដាយថ្នាក់ជាតិវិញ សឿ ចន្ទលក្ខិណា ធ្លាបើធ្វើបានមានដូចជា៖ ២០០៨៖ ប្រាក់១ និងសំរឹទ្ធ១ (ជើងឯកហែលទឹកជាតិ) ២០១០៖ ប្រាក់១ និងសំរឹទ្ធ (ជើងឯកហែលទឹកជាតិ)។ រីឯមេដាយអន្តរជាតិ រួមមាន៖ ២០១១៖ ប្រាក់១ និងសំរឹទ្ធ២ (ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍), ២០១៣៖ សំរឹទ្ធ១ (ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍), ២០១៣៖ មាស១ (កីឡាស៊ីហ្គេម), ២០១៦៖ សំរឹទ្ធ១ (កីឡាឆ្នេរខ្សាច់អាស៊ី), ២០១៧៖ មាស២ ប្រាក់១ និងសំរឹទ្ធ១ (ជើងវ៉ូវីណាមអាស៊ីអាគ្នេយ៍), ២០១៧៖ មាស១ ប្រាក់១ និងសំរឹទ្ធ៣ (ជើងឯកពិភពលោក), ។

សូមជម្រាបថា ការប្រកួតកីឡាវ៉ូវីណាម ក្នុងកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងបញ្ចប់នៅថ្ងៃទី១០ ខែឧសភា បន្ទាប់ពីចាប់ផ្តើមប្រកួត តាំងពីថ្ងៃទី៦ ខែឧសភា នៅជ្រោយចង្វារ OCIC។ គិតត្រឹមថ្ងៃទី៩ ខែឧសភានេះ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ឈ្នះបានមេដាយសរុប២០គ្រឿង គឺមាស៨ ប្រាក់៥ និងសំរឹទ្ធ៧ ដែលលើកំពូលតារាងមេដាយកីឡាវ៉ូវីណាម៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner