មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី០៨ ខែឧសភា ម្សិលមិញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥៧នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៨ករណី និងជនសង្ស័យ ៣៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៥ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner