ចាប់ខ្លួនជនសង្ស័យក្លែងបន្លំជាសមត្ថកិច្ចកងរាជអាវុធហត្ថ (Video Inside)

ជនសង្ស័យម្នាក់ដែលក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថជាតិ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ ជនសង្ស័យអាយុ៣៨ឆ្នាំ ឈ្មោះ ពេជ្រ និវត្តន៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង២កន្លះរសៀលថ្ងៃទី៦ ឧសភា ក្នុងពេលដែលប្រើប្រាស់ឯកសណ្ឋានធ្វើសកម្មភាពឃាត់ និងឆែកឆេរពលរដ្ឋនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យរូបនោះ ត្រូវគេរកឃើញថា មិនត្រឹមតែក្លែងខ្លួនជាសមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅផ្ទះរបស់ខ្លួនទៀតផង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ ឯកសណ្ឋានយោធាប៉ារ៉ា ១កំប្លេ, ឯកសណ្ឋានអាវុធហត្ថ២កំប្លេ, អាវកាក់អាវុធហត្ថចំនួន១, ស្លាកឡូហ្គោអាវុធហត្ថ១, ស្បែកជើងកវែងចំនួន១គូ, ស្រោមកាំភ្លើងចំនួន២, ស័ក្កិស្មា២គូ, មួកប៉េរ៉េ២, ម៉ូតូ ម៉ាក ណៃហត ពណ៌ខ្មៅចំនួន១គ្រឿង, ស្លាកកងរាជអាវុហត្ថ១ផ្ទាំង និងវត្ថុតាងមួយចំនួនទៀត។

ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និងគំរាមកំហែងជម្រិតទារប្រាក់ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន។

ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ …ចំណែកបក្ខពួក ដែលបានរត់គេចខ្លួន ត្រូវសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនបន្ត៕

ads banner