បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលក្រុមនិស្សិតនៅសៀមរាប (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតក្នុងពិធីសម្ពោធ អគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអបអរនូវសមិទ្ធផលអគារសិក្សាថ្មីដ៏ទំនើបនិងធំស្កឹមស្កៃ និងថ្លែងសាទរចំពោះសាកលវិទ្យាល័យអង្គរ ដែលទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា។
លោកបានថ្លែងចាត់ទុកថាសមិទ្ធផលទាំងនេះ គឺជាគុណតម្លៃ នៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិក សិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាព អប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយ ក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល។
លោកបានថ្លែងបន្តថា «រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ»។