សម្ដេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រ ឆ្លងភូមិសាស្ត្រទឹកដីវៀតណាម បន្តទៅកាន់ប្រទេសសិង្ហបុរី

ឥណ្ឌូណេស៊ី៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រ ឆ្លងភូមិសាស្ត្រទឹកដីរបស់វៀតណាមបន្តទៅកាន់ប្រទេសសិង្ហបុរី ឱ្យទទួលបានជោគជ័យ។ ការស្នើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ឧសភា ក្នុងជំនួបកំពូលជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្នុងឱលាសនេះ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជា មានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះ ដើម្បីទទួលបានជោគជ័យលើកិច្ចការងារក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូង តំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជា ក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នាពេលខាងមុខ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner