កុងហ្គោបញ្ជូនមឈូសទៅឲ្យអ្នកភូមិ បញ្ចុះអ្នករងគ្រោះដោយទឹកជំនន់
រដ្ឋាភិបាលកុងហ្គោបានបញ្ជូនមឈូស ទៅឲ្យអ្នកភូមិ ដើម្បីបញ្ចុះអ្នករងគ្រោះដោយទឹកជំនន់។ ភូមិ នីយ៉ាមូគូប៊ី (Nyamukubi) ខេត្ត គីវូ ខាងត្បូង (South Kivu) គឺជាភូមិដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងកើត នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយជនរងគ្រោះទទួលបានជំនួយពីរដ្ឋាភិបាល រួមទាំងមឈូស និងអាហារ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សកម្មភាពមនុស្សធម៌ និងសាមគ្គីភាពជាតិ លោក ម៉ូឌេសតេ មូទីញ៉ា (Modeste Mutinga) បានផ្តល់ជំនួយប៉ុន្មានថ្ងៃ មកនេះ បន្ទាប់ពីគ្រោះមហន្តរាយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០០នាក់។
ការស្វែងរកការបាត់ខ្លួនរាប់មិនអស់នៅតែបន្តកើតមាននៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ គ្រួសារ និងអ្នកជួយសង្គ្រោះនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំពុងស្វែងរកមនុស្សបានបាត់ខ្លួនរយៈពេល ៤ ថ្ងៃបន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០០នាក់ ។
អ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោ លោក ប៉ាទ្រីក មូយ៉ាយ៉ា (Patrick Muyaya) បានបញ្ជាក់ពីចំនួនអ្នកស្លាប់ដែលផ្តល់ដោយអ្នកគ្រប់គ្រងដែនដី កាឡេហេ (Kalehe) ក្នុងខេត្ត គីវូ ខាងត្បូង (South Kivu) ជាកន្លែងដែលភូមិត្រូវបានបំផ្លាញ ហើយសាកសពត្រូវបានរកឃើញ នៅក្នុងបឹង គីវូ (Kivu) ។
យោងតាមការិយាល័យកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ប្រជាជនប្រមាណ ៣០០០ គ្រួសារ នៅតែគ្មានជម្រក៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
