អង្គការយូនីសេហេ្វសស្នើឲ្យពន្យារយៈពេលមាតុភាព កាត់បន្ថយការផ្សព្វផ្សាយ ការបំបៅកូនដោយម្ស៉ៅទឹកដោះគោ និងភេសជ្ជៈផ្អែម

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក វីល ផាកស៍ ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជាក្នុងការជម្រុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសំដៅលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

លោក វីល ផាកស៍ បន្តថា គិតត្រឹមឆ្នាំ២០២១ ភាពក្រិសក្រិនរបស់កុមារនៅកម្ពុជា មានភាពល្អប្រសើរ តែភាពស្គាំងស្គមរបស់កុមារនៅរក្សាអត្រា១០% ដដែល។ ដូចនេះ អង្គការយូនីសេហ្វ នឹងបន្តកៀរគរថវិកាដើម្បីបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។

ពាក់ព័ន្ឋនឹងសំណើរបស់លោកប្រធានអង្គការយូនីសេហ្វ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើលិខិតរួចហើយទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពន្យារយៈពេលមាតុភាព និងបានធ្វើលិខិតទៅក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ដើម្បីកាត់បន្ថយការផ្សព្វផ្សាយការបំបៅកូនដោយម្សៅទឹកដោះគោ និងភេសជ្ជៈផ្អែម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហការល្អជាយូរមកហើយរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋភិបាលកម្ពុជា ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣។ ការគាំពារសង្គម និងការធានារាប់រងសង្គមត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ហើយយើងទទួលបានផ្លែផ្កាច្រើនណាស់ ក្នុងនោះ ដូចជាកម្មការីនីសម្រាលកូន អាចសម្រាកមាតុភាពបាន ៣ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភ១២០% នៃប្រាក់ខែ និងទទួលបាន ៤០ម៉ឺនរៀលសម្រាប់ទារកម្នាក់ តែបើកូនភ្លោះ នោះនឹងបាន៨០ម៉ឺនរៀល, កម្មករ កម្មការីនីទាំងអស់មានប្រាក់សោធនិវត្តន៏ដូចមន្ត្រីរាជការដែរ, កម្មករ កម្មការីនីទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋអាចទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃជាដើម ៕

ប្រភព៖គណៈរដ្ឋមន្រ្តី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner