អាមេរិកស្នើច្បាប់ថ្មីដើម្បីគ្រប់គ្រងជើងហោះហើរ ដែលត្រូវបានលុបចោល ឬពន្យារពេលដោយក្រុមហ៊ុនអាកាសចរណ៍
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីដើមសប្តាហ៍នេះថា រដ្ឋបាលរបស់លោកនឹងបង្កើតបទប្បញ្ញត្តិថ្មីមួយ ដែលពាក់ព័ន្ធនឹងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សំណងដល់អ្នកធ្វើដំណើរដែលបានកក់សំបុត្រ ហើយត្រៀមចេញដំណើរ ប៉ុន្តែជើងហោះហើរត្រូវបានពន្យារពេល ឬលុបចោល ដោយសារមូលហេតុណាមួយដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍។ ការផ្ដល់សំណងទាំងនោះរួមមាន ការចេញថ្លៃម្ហូបអាហារ និងថ្លៃការស្នាក់នៅជាដើម។
ស្ថិតក្រោមវិធានការថ្មីនេះ ប្រសិនបើជើងហោះហើរត្រូវបានលុបចោល ឬត្រូវបានពន្យារពេលយូរខ្លាំងដោយសារកំហុសឆ្គងណាមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ នោះអ្នកដំណើរមិនត្រឹមតែអាចទទួលបានសំណងថ្លៃសំបុត្រយន្តហោះមកវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសំណងថ្លៃម្ហូបអាហារ និងថ្លៃការស្នាក់នៅទៀតផង។ វិធានការនេះមានគោលបំណងផ្ដល់ការការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់សេវាកម្ម ស្រដៀងទៅនឹងអ្វីដែលសហភាពអឺរ៉ុបកំពុងអនុវត្តផងដែរ។
លោក បៃ ដិន បានលើកឡើងថា ៖ «ខ្ញុំដឹងថាមនុស្សជាច្រើនខកចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មដែលទទួលបានពីក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក។ ដូច្នេះ វាជារឿងអាទិភាពមួយរបស់យើង ធ្វើយ៉ាងណាឱ្យអ្នកធ្វើដំណើរតាមផ្លូវអាកាសអាមេរិក ទទួលបានដំណោះស្រាយឱ្យកាន់តែប្រសើរឡើង»។
លោកបានបន្ថែមថា អ្នកទាំងអស់គ្នាសមនឹងទទួលបានច្រើនជាងតម្លៃសំបុត្ររបស់អ្នកត្រឡប់មកវិញ។ អ្នកសមនឹងទទួលបានសំណងមួយយ៉ាងពេញលេញ ព្រោះពេលវេលារបស់អ្នកសំខាន់ណាស់ ដូច្នេះផលប៉ះពាល់ពីការពន្យារពេល ឬលុបចោលជើងហោះហើររបស់អ្នកក៏ជារឿងមួយដែលត្រូវគិតគូរផងដែរ។
គួរកត់សម្គាល់ថា ផែនការដាក់ចេញវិធានការនេះត្រូវបានគេមើលឃើញថាធ្វើឡើងនៅមុនពេលរដូវដំណើរកម្សាន្តខិតជិតមកដល់។ យ៉ាងណាមិញ មន្ត្រីនៅនាយកដ្ឋានដឹកជញ្ជូនមិនបានបញ្ជាក់អំពីថ្ងៃជាក់លាក់ដែលបទប្បញ្ញត្តិនេះត្រូវដាក់ចេញឱ្យអនុវត្តនោះទេ ប៉ុន្តែពួកគេកំពុងរៀបចំព្រាងចេញជាខ្លឹមសារឱ្យបានលឿនបំផុត។ គួរបញ្ជាក់ថា បទប្បញ្ញត្តិនេះសង្កត់ធ្ងន់ទៅលើតែការលុបចោលជើងហោះហើរ ឬការពន្យារពេលយូរពេក ក្រោមហេតុផលមានបញ្ហាមេកានិក ឬខ្វះខាតបុគ្គលិកបម្រើការនៅលើយន្តហោះជាដើម។
ជាការឆ្លើយតប សមាគមអាកាសចរណ៍អាមេរិក (Airlines for America) ដែលតំណាងឱ្យក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសធំបំផុតបានលើកឡើងថា ជើងហោះហើរទាំងអស់គ្មានបំណងពន្យារពេល ឬលុបចោលជើងហោះហើរនោះទេ។ ជាក់ស្ដែង ជាងពាក់កណ្តាលនៃការលុបចោលជើងហោះហើរនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានធ្វើឡើងដោយសារមូលហេតុអាកាសធាតុប្រែប្រួលខ្លាំង ឬការដាច់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
យោងតាមសមាគមអាកាសចរណ៍អាមេរិកដដែលបានឱ្យដឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍បានចាត់វិធានការដើម្បីបង្កើនភាពជឿជាក់នៃប្រតិបត្តិការរបស់ពួកគេ ដូចជាការជួលនិយោជិតបន្ថែម និងកែសម្រួលកាលវិភាគជើងហោះហើរជាដើម។ បើទោះបីជាទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវចំណាយច្រើនខ្លាំងដែរ ដូចជាការចំណាយទៅលើប្រាក់លើកទឹកចិត្តបុគ្គលិក ក៏ដូចជាការចំណាយលើប្រាក់ឧបត្ថម្ភដល់បុគ្គលិកដែលចូលនិវត្តន៍មុនអាយុ ឬការលាលែងពីមុខដំណែងជាដើម។ តួលេខថ្មីដែលបានបង្ហាញដោយអគ្គនាយកដ្ឋានដឹកជញ្ជូនបានឱ្យដឹងថាមានការកើនឡើង ៥ភាគរយ នៃបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ បើធៀបទៅនឹងកាលពីឆ្នាំមុនការរាតត្បាតកូវីដ១៩។
ការលុបចោលជើងហោះហើរបានថយចុះមកត្រឹម ១,៦ភាគរយ នៅឆ្នាំនេះ បើធៀបនឹង ២,១ភាគរយកាលពីឆ្នាំមុន។ ដោយឡែក ការពន្យារពេលជើងហោះហើរវិញ បានក្លាយជារឿងធម្មតាទៅហើយ ប៉ុន្តែក៏មានរយៈពេលយូរជាងមុនបន្តិចនេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន FlightAware។ បច្ចុប្បន្ននេះ អ្នកដំណើរអាចស្នើសុំការបង្វិលសងថ្លៃសំបុត្រវិញចំពោះជើងហោះហើរណាដែលត្រូវបានលុបចោល ប៉ុន្តែជាទូទៅ ក្រុមហ៊ុនអាកាសចរណ៍តែងតែផ្តល់ប័ណ្ណធ្វើដំណើរកម្សាន្តជំនួសវិញ។
កាលពីខែធ្នូ ឆ្នាំ២០២២ បណ្ដាក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះថា Southwest Airlines បានលុបចោលជើងហោះហើររហូតដល់ទៅជិត ១៧ ០០០ ជើងហោះហើរ។ ករណីនេះកំពុងមានការព្រួយបារម្ភថាមានការទូទាត់សងអតិថិជនមិនបានត្រឹមត្រូវ។ នាយកដ្ឋានដឹកជញ្ជូន និងយុត្តិធម៌កំពុងបើកការស៊ើបអង្កេតថាតើក្រុមហ៊ុននេះបានបង្កើនចំនួនជើងហោះហើរច្រើនជាងអ្វីដែលខ្លួនអាចធ្វើបាន ឬក៏យ៉ាងណា។
ដោយឡែក ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលអាមេរិក បានស្ដីបន្ទោសក្រុមហ៊ុនអាកាសចរណ៍ថានៅតែបន្តលុបចោលជើងហោះហើរ បើទោះបីជាស្ថានភាពក្រោយកូវីដ១៩ មានភាពប្រសើរឡើងក៏ដោយ។ រីឯរដ្ឋបាលអាកាសចរណ៍សហព័ន្ធវិញ ក៏មានការរអាក់រអួលខ្លះដែរ ដោយសារតែមានបញ្ហាដាច់ចរន្ដបច្ចេកវិទ្យា និងកង្វះបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ដើម្បីដោះស្រាយបញ្ហាកង្វះបុគ្គលិក រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរ ទាំងទៅ និងមកវិញពីអាកាសយានដ្ឋានធំៗនៅទីក្រុងញូវយ៉ក ជាពិសេសអំឡុងពេលរដូវក្តៅនេះ៕
ប្រែសម្រួល៖ធា សុខណា