ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងធ្វើយុទ្ធនាការដាំដើមផ្កាអមសងខាងផ្លូវពីរង្វល់មូលពីស្រុកឱរ៉ាល់ឆ្ពោះឡើងទៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍សប្បាយរីករាយនៅក្នុងការដើរនៅក្នុងព្រៃ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ នៅក្នុងថ្ងៃឈប់សម្រាក គឺបានដាក់គោលដៅធ្វើដំណើរទៅលេងខ្នងផ្សារច្រើន ដែលធ្វើឱ្យប្រជាសហគមន៍សប្បាយរីករាយនៅក្នុងការរកចំណូល សំរាប់ផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ ។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងបន្តថា ក្នុងនាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្នុងនាមអភិបាលខេត្ត និងធ្វើការដាំដើមផ្កាអមសងខាងផ្លូវ ជាគ្រឿងលំអរ ដើម្បីឱ្យភ្ញៀវទេសចរណ៍កាន់តែសប្បាយរីករាយថែមទៀត ផ្លូវដែលមានចំងាយប្រមាណជា ៣០ គីឡូម៉ែត្រ ចាប់ចំណុចពីរង្វល់មូលភ្នំឱរ៉ាល់ ឆ្ពោះទៅតំបន់រលាក់កងជើង ឡើងទៅខ្នងផ្សារគឺជាផ្នែកមួយនៃតំបន់ ដែលទិសដៅទេសចរណ៍ ធ្វើដំណើរទៅ ។

ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ អន្ទាក់សូន្យ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ដែលជាខេត្តទីពីរ បន្ទាប់ពីខេត្តពោធិ៍សាត់ ។
ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់បន្តថា ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងធ្វើការជ្រើសរើសដើមឥន្ទនេល ដើមក្ងោក ដើមសាគូរ៉ា ដែលសុទ្ធសឹងជាដើមមានផ្កាស្រស់ស្អាត នៅចន្លោះចាប់ពី ២ ទៅ ៣ពាន់ដើម ដើម្បីយកមកដាំនៅក្នុងកំឡុងខែវក្សានេះ ព្រោះវាមានភាពងាយស្រួលដាំឆាប់ដុះចាប់ឬស្ស និងដោយមិនលំបាកស្រោចទឹក ។

ឯកឧត្តម នេត្រ ភក្រ្តា លើកឡើងបន្តថា បន្ទាប់ពីការដាំដុះរួចរាល់ និងធ្វើឱ្យខេត្តកំពង់ស្ពឺមានផ្ការរីកស្គុសស្គាយ នៅតាមដងផ្លូវក្នុងស្រុកភូមិទៅកាន់តំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារនេះ។ឯកឧត្តម បញ្ជាក់បន្ថែមថា ទាំងអស់នេះគឺជាប្រភពចំណូលយ៉ាងសំខាន់សំរាប់អ្នកខេត្តកំពង់ស្ពឺ ពិសេសគឺការលើកស្ទួយជីវភាពប្រជាសហគមន៍នៅទីនោះ ហើយគោលដៅសំខាន់គឺបង្កើតជារបងការពារធម្មជាតិយ៉ាងល្អប្រសើរ។ កាលណាប្រជាសហគមន៍មានជំនាញ មានចំណូល ឯកឧត្តម ជឿជាក់ថា គាត់និងក្លាយទៅជាអ្នកការពារដ៏មុះមុតបំផុត ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការលើកឡើងរបស់ ឯកឧត្តម វៃ សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានគូសបញ្ជាក់ប្រាប់ថា មន្រ្តីឧទ្យាននុរក្សពីមុនមកគឺគាត់ប្រកបមុខរបរដាក់អន្ទាក់ ដែលនេះគឺជាគោលការណ៍មួយ ដែលយើងបានប្រែក្លាយពីអ្នកដែលបានបំផ្លាញ មកជាអ្នកចូលរួមថែរក្សា ការពារ ដែលគោលដៅសំខាន់ គឺយើងមិនមែនអង្គុយបក់ផ្សែងនោះទេ គឺយើងពន្លត់ភ្លើងទៅលើបញ្ហាទាំងអស់នេះ ៕






អត្ថបទ រូបភាព ង៉ាន់ ទិត្យ