អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ ត្រូវបានចាប់ខ្លួន ដោយបង្កឲ្យមានអំពើហិង្សាទូទាំងប្រទេស
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនលោកអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ នៅតុលាការកំពូលក្រុងអ៊ីស្លាមម៉ាបាដកាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានភាពចលាចលថ្មីនៅទូទាំងប្រទេស ខណៈការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ខាន់ និងប៉ូលិស បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
ការចាប់ខ្លួនលោក ខាន់ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមយោធាដ៏មានអំណាចរបស់ប្រទេស បានរិះគន់ខ្លាំងៗលើរូបអតីតនាយករដ្ឋមន្រ្តីរូបនេះ ចំពោះការចោទប្រកាន់លើមន្រ្តីយោធាជាន់ខ្ពស់ម្ដងហើយម្ដងទៀត ថាបានព្យាយាមចាត់ចែងធ្វើឃាតលោក និងអតីតមេទ័ពថាជាអ្នកនៅពីក្រោយការទម្លាក់លោកចេញពីអំណាចកាលពីឆ្នាំមុន។
ទាហានប៉ារ៉ារាប់សិបនាក់ប្រដាប់ដោយឯកសណ្ធានគ្រប់គ្រងកុបកម្ម បានឡោមព័ទ្ធលោក ខាន់ ដែលកំពុងបង្ហាញខ្លួនក្នុងតុលាការកំពូលដើម្បីប្រឈមមុខនឹងការកាត់ក្ដីជុំវិញសំណុំរឿងអំពើពុករលួយ ហើយចាប់លោកបណ្ដើរចូលទៅក្នុងឡានពណ៌ខ្មៅ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Rana Sanaullah បានប្រាប់អ្នកយកព័ត៌មានថា លោក ខាន់ ត្រូវបានចាប់ខ្លួនដោយការិយាល័យគណនេយ្យភាពជាតិ (NAB) បន្ទាប់ពីលោកមិនអើពើនឹងការជូនដំណឹងឱ្យចូលប្រគល់ខ្លួន។ លោក Sanaullah បានបន្តថា លោក ខាន់ និងប្រពន្ធ រងការចោទប្រកាន់ជុំវិញសំណុំទទួលដីដែលមានតម្លៃរហូតដល់ ២៤,៧ លានដុល្លារពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរងការចោទប្រកាន់ពីបទលាងលុយកខ្វក់នៅអង់គ្លេស កាលពីលោកខាន់នៅជានាយករដ្ឋមន្រ្តីនៅឡើយ។
លោក Sanaullah បានបន្ថែមថា អាជ្ញាធរអង់គ្លេសបានប្រគល់ប្រាក់ចំនួន ២៤០ លានដុល្លារពាក់ព័ន្ធនឹងការលាងលុយកខ្វក់ទៅដល់ប្រទេសប៉ាគីស្ថាន ប៉ុន្តែលោក ខាន់ បែរជាប្រគល់ប្រាក់នេះឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជំនួសឲ្យការរក្សាទុកវានៅក្នុងឃ្លាំងសម្ងាត់ជាតិទៅវិញ។
បើតាមសេចក្ដីថ្លែងការណ៍របស់ NAB លោក ខាន់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសនៃអំពើពុករលួយ និងការអនុវត្តអំពើពុករលួយ។ គូរគូសបញ្ជាក់ថា ករណីអំពើពុករលួយគ្រាន់តែជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងជាង ១០០ ដែលលោក ខាន់ រងការចោទប្រកាន់ប៉ុណ្ណេះ ចាប់តាំងពីលោកត្រូវបានសភាប៉ាគីស្ថាន បោះឆ្នោតដកសេចក្ដីទុកចិត្តបណ្ដេញចេញពីដំណែងកាលពីឆ្នាំមុន។
ក្នុងសំណុំរឿងភាគច្រើន លោក ខាន់ ដែលជាអ្នកនយោបាយមានសន្ទុះគាំទ្រនាំមុខគេនាពេលនេះ ប្រឈមមុខនឹងការហាមឃាត់មិនឱ្យកាន់តំណែងសារជាថ្មី ប្រសិនបើតុលាការរកឃើញថាមានកំហុស ខណៈការបោះឆ្នោតជាតិនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។
ទោះបីជាបែបនេះក៏ដោយ លោក ខាន់ នៅតែបដិសេធរាល់ការធ្វើខុស។ មុនការចាប់ខ្លួនកាលពីថ្ងៃអង្គារ លោក ខាន់ បានបង្ហោះសារក្នុងវិដេអូមួយនៅលើបណ្ដាញសង្គមធ្វីតធឺរថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការជាប់ពន្ធនាគារ ប៉ុន្តែបន្ថែមថា គ្មានការចោទប្រកាន់ប្រឆាំងនឹងរូបលោកណាមួយត្រូវមានដីកាចាប់ខ្លួនលោកនោះទេ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ប៉ាគីស្ថាន GEO លោក ខាន់ នឹងត្រូវនាំខ្លួនទៅកាន់តុលាការប្រឆាំងអំពើពុករលួយនៅថ្ងៃពុធនេះ។
ការចាប់ខ្លួនលោក ខាន់ ផងដែរ កំពុងបង្កឱ្យមានភាពចលាចលក្នុងប្រទេសជាថ្មី។ ភ្លាមៗក្រោយការចាប់ខ្លួន គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក ខាន់ បានអំពាវនាវឱ្យអ្នកគាំទ្រធ្វើបាតុកម្មប្រឆាំងទ្រង់ទ្រាយធំ។ គណបក្សសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «វាជាពេលវេលារបស់អ្នក ប្រជាជនប៉ាគីស្ថាន។ លោក ខាន់ តែងតែក្រោកឈរដើម្បីអ្នក ឥឡូវនេះ ដល់ពេលដែលអ្នកត្រូវក្រោកឈរដើម្បីលោកវិញហើយ»។
ក្នុងភាពចលាចលចុងក្រោយនេះ អ្នកគាំទ្ររបស់លោក ខាន់ រាប់រយនាក់បានបិទផ្លូវក្នុងទីក្រុង និងផ្លូវហាយវ៉េសំខាន់ៗទូទាំងប្រទេស រួមទាំងនៅទីក្រុង Lahore ដែលជាស្រុកកំណើតរបស់ ខាន់ និងនៅខេត្តភាគពាយ័ព្យ Khyber-Pakhtunkhwa ជាកន្លែងដែលប៉ូលិសប៉ាគីស្ថានបានធ្វើការប្រុងប្រយ័ត្នខ្ពស់ និងហាមឃាត់មិនឱ្យមានការជួបជុំជាសាធារណៈ។
ក្រុមអ្នកតវ៉ាក៏បានបិទផ្លូវសំខាន់ៗនៅក្នុងទីក្រុងកំពង់ផែការ៉ាឈីផងដែរ ខណៈប៉ូលីសក្រុងអ៊ីស្លាមម៉ាបាដ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ។ បើតាមអាជ្ញាធរក្នុងតំបន់ ការប៉ះទង្គិចគ្នាបានសម្លាប់បាតុករម្នាក់ និងរបួសមនុស្ស ១២ នាក់ រួមទាំងមន្ត្រីប៉ូលីស ៦ នាក់ នៅក្នុងទីក្រុង Quetta នៃខេត្ត Balochistan។
គួររំឭកថា ការប៉ុនប៉ងចាប់ខ្លួន ខាន់ នៅផ្ទះរបស់លោកក្នុងទីក្រុង Lahore កាលពីលើកមុន ក៏បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងអ្នកគាំទ្ររបស់លោក និងកងកម្លាំងសន្តិសុខប៉ាគីស្ថានផងដែរ។
តាមពិតទៅ ការប៉ះទង្គិចគ្នាផ្នែកនយោបាយ គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសប៉ាគីស្ថាន ដោយគ្មាននាយករដ្ឋមន្ត្រីណាម្នាក់ បានបំពេញអាណត្តិពេញលេញស្រួលបួលឡើយ។ ជិតពាក់កណ្តាលនៃប្រវត្តិសាស្ត្ររបស់ប្រទេស ដែលមានបំពាក់អាវុធនុយក្លអ៊ែរនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមយោធា។
យ៉ាងណាមិញ ក៏គួរកត់សម្គាល់ផងដែរថា ការចាប់ខ្លួនលោកខាន់នាពេលនេះ បានកើតឡើងនៅពេលដែលប្រជាជនប៉ាគីស្ថានកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែអត្រាអតិផរណាខ្ពស់ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ៕ ប្រែសម្រួល៖ ហួន ឌីណា