កាំភ្លើងកែច្នៃ និងអន្ទាក់ខ្លះកំពុងបង្កគ្រោះថ្នាក់ខ្លាំងដល់ទាំងសត្វព្រៃ និងមនុស្ស

ខេត្តកំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាបច្ចុប្បន្នកាំភ្លើងកែច្នៃ និង អន្ទាក់ខ្លះកំពុងបង្កគ្រោះថ្នាក់ខ្លាំងក្លាដល់ទាំងសត្វព្រៃ និងមនុស្សដែលគេចាំបាច់ត្រូវមានវិធានការ និងទប់ស្កាត់ដើម្បីសុវត្តិភាពទាំងសត្វព្រៃនិងមនុស្សផងដែរ ។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នាថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាការដកហូតកាំភ្លើងកែច្នៃដែលជាអាវុធដ៏គ្រោះថ្នាក់មួយ ពោលគឺវាអាចប្រហាក់ប្រហែលអាវុធស្វ័យប្រវត្តិផងដែរដោយសារតែពេលនេះក្រុមជនល្មើសបានកែច្នៃដោយប្រើគ្រឿងផ្សំឧបករណ៍មានគ្រោះថ្នាក់ខ្ពស់ ។ ករណីដូចជាកាំភ្លើងកែច្នៃនៅទីកន្លែងនេះដែរគឺពួកគាត់បានប្រើខ្យល់ គាត់សប់រហូតដល់៥ទៅ៦គីឡូក្រាម និងខ្លះរហូតដល់ ៧ ទៅ ៨គីឡូក្រាមទៅតាមអ្វីដែលវាផ្ទុកបាន។ពួកគេប្រើកាំកង់ដើម្បីបាញ់ ។ នេះជាចំណុចមួយសំខាន់ដែលវាមិនត្រឹមសម្លាប់សត្វព្រៃទេ ហើយមន្រ្តីឧទ្យានុរក្សដែលដើរល្បាត ក៏អាចជួបបញ្ហាក្នុងរឿងនេះដូចគ្នា ។

ឯកឧត្តម រដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា”បើនិយាយពីអន្ទាក់វាមានផ្សេងៗគ្នាច្រើនប្រភេទដូចជាអន្ទាក់ខ្សែកាំកង់ អន្ទាក់ខ្សែលួស អន្ទាក់ខ្សែនីឡុង អន្ទាក់ដែលវាយបំបាក់ស្មងជើង អន្ទាក់ឆក់ និងប្រភេទផ្សេងៗទៀតដែលគេកែច្នៃពីរបស់របរសាមញ្ញទេ ប៉ុន្តែអាចសម្លាប់សត្វព្រៃបាន ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមបានលើកឡើងផងថា ពេលនេះបញ្ហាដែលប្រឈមខ្លាំងគឺចំនួនអន្ទាក់មានចំនួនកើនឡើងក្នុងព្រៃតំបន់ធនធម្មជាតិរបស់យើង ។ បើកាលណាអន្ទាក់កើនឡើងក្នុងតំបន់ព្រៃធម្មជាតិរបស់យើងវានាំឱ្យប៉ះពាល់ដល់សុវត្តិភាពរបស់សត្វព្រៃផងនិងសុវត្តិភាពដល់ប្រជាពលរដ្ឋដែលចូលទៅប្រមូលអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិតផង ។ ផ្តើមចេញពីកត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យក្រសួងបរិស្ថានផ្តួចផ្តើមគំនិតដឹកនាំពីយុទ្ធនាការអន្ទាក់សូន្យនេះឡើងក្នុងគោលដៅសំខាន់គឺផ្តល់សុវត្តិភាពទៅដល់សត្វព្រៃដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ និងទៅដល់ប្រជាពលរដ្ឋដែលទៅប្រមូលអនុផលព្រៃឈើ និង ភ្ញៀវទេសចរកំពុងដើរទស្សនាក្នុងតំបន់ការពារធម្មជាតិនិងក្នុងតំបន់ទេសចរណ៍ធម្មជាតិរបស់យើង ។

ឯកឧត្តមរដ្ឋលេខា បានចាត់ទុកថា”បញ្ហាអន្ទាក់គឺជាគ្រាប់មីនលាក់មុខមួយដែលសម័យសង្រ្គាមយើងប្រឈមមុននឹងគ្រាន់មីនតែឥឡូវនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំពីសំណាក់ សម្តេច តេជោ នាយករដ្ឋមន្រ្តីយើងបានដោះគ្រាប់មីនចេញអស់ ប៉ុន្តេពេលនេះបញ្ហាថ្មីមួយទៀត ដែលយើងប្រឈមគឺបញ្ហាអន្ទាក់ដែលជាចំណុចមួយគ្រោះថ្នាក់ពីព្រោះថាអន្ទាក់កាន់តែទំនើប ពិសេសអន្ទាក់កែច្នៃចេញពីខ្សែលួសតែម្តងហើយប្រើចរន្តអគ្គិសនីដើម្បីឆក់ដែលនេះជាចំណុចមួយមានបញ្ហាគ្រោះថ្នាក់ខ្ពស់។ ការដោះអន្ទាក់ចេញមិនត្រឹមតែសត្វព្រៃអាចមានសុវត្តិភាព មានសេរីភាពទេ ប៉ុន្តែក៏វាជួយទៅដល់ផលិតភាពគឺបានសេចក្តីថាការបង្កកំណើតសត្វព្រៃកាន់តែច្រើនឡើងដែរ ។

ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការពន្យល់ថា៖កាលណាបាត់បង់សត្វព្រៃវាក៏បាត់បង់នូវអេកូឡូស៊ីបានសេចក្តីថាបើកាលណាបាត់បង់សត្វព្រៃប្រភេទណាមួយហើយ វាក៏បង្កការប៉ះពាល់ដល់សត្វព្រៃប្រភេទដទៃមួយទៀតដែរ ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាអន្ទាក់បើយើងនិយាយចំនួនរបស់វានៅក្នុងមួយឆ្នាំៗយើងអត់ដឹងទេថាត្រូវបានគេដាក់ចូលក្នុងព្រៃ ប៉ុន្តែគ្រាន់តែយើងបានដឹង និងវាយតម្លៃទៅនឹងអន្ទាក់ ហើយដែលយើងបានដកចេញពីតំបន់ការពារធម្មជាតិគឹបានត្រឹមតែប្រមាណ២០ភាគរយតែប៉ុណ្ណោះ។ដូច្នេះចំនួនអន្ទាក់ក្នុងព្រៃ ហើយបន្សល់ទុកក្នុងព្រៃនេះវាមានចំនួនច្រើន។រយៈពេល២ឆ្នាំពោលគឺឆ្នាំ២០២១និង២០២២កន្លងទៅនេះយើងបានដោះអន្ទាក់បានជិត ១០ម៉ឺនអន្ទាក់នៅទូទាំងប្រទេស ។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានថ្លែងដោយមានវិធានការចំពោះអ្នកលក់ខ្សែគោ ខ្សែហ្រ្វាំងកង់ដែលបានដាក់លក់ក្នុងព្រៃជាតំបន់អភិរក្ស ព្រោះទីកន្លែងទាំងនោះត្រូវបានគេចាត់ទុកថាពួកគេលក់សម្រាប់ជនល្មើសប្រើសអន្ទាក់សម្លាប់សត្វព្រៃតែប៉ុណ្ណោះ ។

ឯឧត្តមថ្លែងដោយអំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាសត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃពីព្រោះថា វាអាចបង្កគ្រោះថ្នាក់ដោយសាររោគជំងឺឆ្លងណាមួយកើតឡើង ៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក ង៉ាន់ ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner