សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍ នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងលោកជំទាវ ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរ៉ាក់ទាក់បំផុត ពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់កំសាន្តឆ្នេរលំហែកាយមាត់សមុទ្ទដ៏ប្រណិតនោះ លោកជំទាវជាភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង ។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ។

នៅក្នុងដំណើរទស្សនាកំសាន្តក្រុងឡាប៊ូនបាចូ លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានធ្វើពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី និងមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ និងបានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូល ដ៏ស្រស់ស្អាតនេះ។

ជាការឆ្លើយតប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ពិសេសសម្តេចលោកជំទាវទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិននិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner