អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ត្រាស្ស នឹងទស្សនកិច្ចនៅតៃវ៉ាន់ សប្តាហ៍ក្រោយ
ឡុងដ៍៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស្ស (Liz Truss) បាននិយាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា លោកស្រីនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ ហើយក៏គ្រោងនឹងជួបជាមួយសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលតៃវ៉ាន់ផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យលោកស្រីផ្ទាល់។
កន្លងមក លោកស្រីតែងតែចង់ឱ្យប្រទេសប្រជាធិបតេយ្យលោកខាងលិចទាំងអស់ ប្រកាន់ជំហរឱ្យបានតឹងរ៉ឹងបំផុតចំពោះប្រទេសចិន។
គួររំឭកថា លោកស្រី ត្រាស្ស គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងបានត្រឹមតែរយៈពេលខ្លីបំផុតនៅអង់គ្លេស ពោលគឺលោកស្រីបានចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំ២០២៣ ហើយក៏ត្រូវបានបង្ខំឱ្យលាលែងពីតំណែងនៅរយៈពេលជាងមួយខែក្រោយ បន្ទាប់ពីគោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រីបានបង្កឱ្យប្រព័ន្ធទីផ្សារអង់គ្លេសមានភាពចលាចល។
ចាប់តាំងពីពេលនោះមក លោកស្រីតែងតែបានបន្តថ្លែងសុន្ទរកថាវាយប្រហារចិននៅក្នុងប្រទេសមួយចំនួនដូចជាជប៉ុន និងនៅទីក្រុងវ៉ាស៊ីនតោនជាដើម។ លោកស្រីចង់ឱ្យលោកខាងលិចរឹតបន្តឹងជំហររបស់ខ្លួនយ៉ាងតឹងរ៉ឹងចំពោះប្រទេសចិន។ សម្រាប់សប្ដាហ៍ក្រោយនេះ លោកស្រីក៏នឹងថ្លែងសុន្ទរកថាមួយទៀតនៅពេលដែលធ្វើដំណើរទៅដល់កោះតៃវ៉ាន់ នៅថ្ងៃទី១៧ ខែឧសភា។
លោកស្រី ត្រាស្ស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «កោះតៃវ៉ាន់គឺជានិមិត្តសញ្ញានៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសូមបង្ហាញអំពីការចូលរួមសាមគ្គីជាមួយប្រជាជនតៃវ៉ាន់ទាំងអស់គ្នា នៅអំឡុងពេលដែលចិនកំពុងបង្ហាញអាកប្បកិរិយាយ៉ាងគឃ្លើនកាន់តែខ្លាំងឡើង និងបានប្រើប្រាស់ពាក្យពេចន៍គំរាមកំហែងកន្លងមក»។
គួរកត់សម្គាល់ថា ប្រទេសអង់គ្លេសធ្លាប់បានព្រមានចិនរួចម្ដងមកហើយថា ហាមមិនឱ្យប្រើប្រាស់កម្លាំងយោធាគំរាមកំហែង ប្រឆាំងនឹងកោះតៃវ៉ាន់។
ជាការឆ្លើយតប ក្រសួងការបរទេសចិនបានលើកឡើងថា ៖ «ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាទង្វើផ្តាច់ខ្លួន ចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់ឯណោះទេ។ មួយវិញទៀត ការគាំទ្រកោះមួយនេះពីសំណាក់កងកម្លាំងយោធាបរទេសឯណោះទេដែលជាការគំរាមកំហែងពិតប្រាកដ»។
ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លីរបស់លោកស្រី ត្រាស្ស ក៏បានរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងរវាងអង់គ្លេសនិងចិនខិតទៅរកភាពតានតឹងកាន់តែខ្លាំង បើទោះបីជាអ្នកស្នងតំណែងបន្ទាប់របស់លោកស្រី គឺនាយករដ្ឋមន្ត្រីលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានប្រកាសពីគោលជំហរចង់សម្របសម្រួលជាមួយចិនតាមដែលអាចធ្វើទៅក៏ដោយ។ យ៉ាងណាក៏ដោយ លោក ស៊ូណាក់ ក៏បានបង្ហាញក្ដីព្រួយបារម្ភទៅលើផ្នែកមួយចំនួនខ្លះដែលអង់គ្លេសនៅមិនទាន់ចុះសម្រុងគ្នាជាមួយចិន។
ចំណែក លោក ជេមស៍ ក្លេវឺលី (James Cleverl) រដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលធ្វើការក្រោមរដ្ឋបាលរបស់លោកស្រី ត្រាស្ស និងលោក ស៊ូណាក់ បានប្រាប់ឱ្យដឹងថា លោកបានបង្ហាញពីគោលជំហររបស់ចក្រភពអង់គ្លេសយ៉ាងច្បាស់ទៅលើបញ្ហាផ្សេងៗ រួមទាំងកោះតៃវ៉ាន់ផងដែរ ពោលគឺលោកបានជួបជជែកកាលពីពេលថ្មីៗនេះជាមួយអនុប្រធានាធិបតីចិន លោក ហាន ចឹង (Han Zheng)។ លោកក៏រំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងឆ្នាំ២០២៣នេះផងដែរ។
ដោយឡែក សម្រាប់អ្នកដែលចូលចិត្តរិះគន់ចិនមួយចំនួននៅក្នុងសភាអង់គ្លេស បានប្រកាសថ្កោលទោសចំពោះការអញ្ជើញលោក ហាន ឱ្យមកចូលរួមពិធីឡើងគ្រងរាជ្យរបស់ស្តេច ឆាលស៍ (Charles) និងបានរិះគន់លោក ក្លេវឺលី ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នាចុងឆ្នាំ២០២៣នេះ៕ ប្រែសម្រួល៖ ធា សុណា