ប្រជាពលរដ្ឋ៧០គ្រួសារទទួលបានអំណោយ ក្រោយរងការលិចលង់ដោយជំនន់ទឹកភ្លៀង នៅស្រុកកែវសីមា
មណ្ឌលគិរី៖ ប្រជាពលរដ្ឋរងគ្រោះក្នុងភូមិចំនួន០៥ ក្នុងឃុំមួយនៅស្រុកកែវសីមា បានទទួលការចែករំលែកភាពលំបាកពីកាកបាទក្រហមកម្ពុជា និងអជ្ញាធរខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣សីហានេះ ក្រោមវត្តមានអភិបាលខេត្តលោក ស្វាយ សំអ៊ាង។ សេចក្តីរាយការពីមូលដ្ឋាននេះ បញ្ជាក់ថាភូមិឋាន៧០គ្រួសារ និងផ្លូវ ដំណាំកសិផល បានរងការលេចលង់ដោយ ជំនន់ទឹកភ្លៀងតែរយៈពេលពីរថ្ងៃតែប៉ុណ្ណោះសម្រាប់ឃុំមេម៉ង់នេះ និងបានស្រកទៅវិញនៅថ្ងៃទី១០សីហាកន្លងទៅ។
លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោកអភិបាល បានបញ្ជាក់ថា ដោយសារមួយរយៈកន្លងមកនេះ ខេត្តមណ្ឌលគិរី ក៏មានភ្លៀងធ្លាក់ ជាប់ៗគ្នា បណ្តាលឱ្យស្រុកចំនួន០៣ ក្នុងខេត្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងខូចខាតនូវផ្លូវ ស្ពាន និងផលដំណាំមួយចំនួន តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ នៅឃុំមេម៉ង់ ស្រុកកែវសីមា នេះមាន០៥ភូមិ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
អភិបាលខេត្តក៏បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រៀមអន្តរាគមន៍ដល់ពលរដ្ឋដែលជួបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា ខណៈភ្លៀងនៅតែបន្តធ្លាក់ ជាពិសេស ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ នៅពេលមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ហើយក៏ឱ្យប្រជាពលរដ្ឋ ត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ និងគេងក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ និងជំងឺរាតត្បាតផ្សេងៗផងដែរ។
តាមការបញ្ជាក់របស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា អំណោយដែលចែកជូនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះរួមមានអង្ករ ២០ កីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកសុទ្ធ០១ដប អាវយឺត០១ និងថវិកា ៣០ ០០០រៀល៕ធ.ដ
ដោយៈសាតចាន់បុត្រ







