ករណីឃាតកម្មស្ត្រីចំនួន ​២២ ​នាក់មិនទាន់ត្រូវបានប៉ូលិសដោះស្រាយចេញនៅឡើយ

អត្ថបទដោយ៖
CPA

អឺរ៉ុប៖ អស់រយៈពេលជាង ៤៣ ឆ្នាំមកនេះ ករណីស្ត្រីដែលត្រូវបានសម្លាប់សរុបចំនួន ២២ នាក់នៅក្នុងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប នៅមិនទាន់អាចស្វែងរកជនល្មើសឃើញនៅឡើយ ហើយសូម្បីតែអត្តសញ្ញាណរបស់ជនរងគ្រោះក៏រកមិនទាន់ឃើញដែរ។ ការស្លាប់ភាគច្រើនត្រូវបានប៉ូលិសន្និដ្ឋានថា ពួកគេត្រូវបានសម្លាប់ដោយរងទទួលការ​ប្រើប្រាស់អំពើហិង្សាទៀតផង។ សាកសពរបស់ជនរងគ្រោះទាំងអស់នោះ ត្រូវបានរកឃើញនៅក្នុងប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក និងហូឡង់ ដោយសាកសពខ្លះត្រូវបានជនល្មើសហែកកម្ទេច ឬកាត់ជាកំណាត់ៗ ដាច់ចេញពីខ្លួនប្រាណ ដែលជាហេតុធ្វើឱ្យមើលអត្តសញ្ញាណលែងស្គាល់ រីឯសាកសពខ្លះទៀតត្រូវបានរំលោភបំពាន ឬបង្អត់អាហារមុននឹងសម្លាប់។

ករណីសម្លាប់យ៉ាងព្រៃផ្សៃនេះបានកើតឡើងចុងក្រោយបង្អស់នៅក្នុងឆ្នាំ២០១៩។ ប៉ុន្តែ​ពួកគេ​ជា​នរណា?​ ឈ្មោះអ្វី មកពីណានោះ? មិន​ត្រូវ​បាន​គេ​ដឹងអត្តសញ្ញាណ​នោះ​ទេ ហើយ​ក្រុម​អ្នក​ស៊ើប​អង្កេតក៏បានព្យាយាមធ្វើការលើរឿងនេះដែរ ប៉ុន្តែហាក់គ្មានលទ្ធផលល្អប្រសើរនោះទេ ដែលនេះគឺជារឿងដ៏គួរ​ឱ្យ​ខកចិត្តខ្លាំងបំផុត។

 ក្រុមប៉ូលិសសង្ឃឹមថា អ្វីគ្រប់យ៉ាងនឹងមានការផ្លាស់ប្តូរវិជ្ជមាន ដោយសារតែកាលពីថ្ងៃពុធ ប៉ូលិសបានបើកប្រតិបត្តិការមួយឈ្មោះថា កំណត់អត្តសញ្ញាណខ្ញុំ ឬជាភាសាអង់គ្លេសថា Operation Identify Me។ យោងតាមការអំពាវនាវរបស់អង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវបានគេស្គាល់ជាទូទៅថា Interpol បានឱ្យដឹងថាពួកគេកំពុងស្វែងរកជំនួយពីសាធារណៈជនដើម្បីជួយកំណត់អត្តសញ្ញាណ និងដាក់ឈ្មោះឱ្យស្ត្រីដែលត្រូវបានគេសម្លាប់ទាំងអស់នោះនៅលើគេហទំព័រ www.interpol.int/IM ។ វិធីសាស្ត្រនេះ អាចជួយឱ្យប៉ូលិសមិនចាំបាច់កំណត់អត្តសញ្ញាណជនរងគ្រោះដោយមើលទៅលើលក្ខណៈពិសេសនៅលើរូបរាងកាយ ឬសម្លៀកបំពាក់របស់ពួកគេ ឬទីតាំងដែលសាកសពរបស់ពួកគេត្រូវបានរកឃើញនោះទេ។​

ករណីឃាតកម្មដ៏យូរបំផុតដែលមិនទាន់ត្រូវបានដោះស្រាយចេញ គឺជាករណីក្មេងស្រីម្នាក់ត្រូវបានសម្លាប់នៅចំណតរថយន្ត កាលពីឆ្នាំ១៩៧៦។ សាកសពរបស់នាងត្រូវបានគេរកឃើញនៅជិតដងវិថី (High Way) មួយនៅប្រទេសហូឡង់។ នាងត្រូវបានគេសន្និដ្ឋានថាមានអាយុចន្លោះពី ១៣ ទៅ ២០ ឆ្នាំ។ គួរដឹងដែរថា ក្រុមប៉ូលិស Interpol បានចេញផ្សាយដានគំនូរទម្រង់មុខរបស់ជនរងគ្រោះមួយចំនួននៅលើគេហទំព័រខាងលើ ក្នុងនោះក៏មានរូបក្មេងស្រីជនរងគ្រោះនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដកស្រង់ចេញពីប៉ូលិសហូឡង់ អាល្លឺម៉ង់ និងបែលហ្ស៊ិក អង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិបានឱ្យដឹងថា ស្ត្រីមួយចំនួនត្រូវបានគេជឿថាមានដើមកំណើតនៅតំបន់អឺរ៉ុបខាងកើត ហើយសាកសពរបស់ពួកគេអាចត្រូវបានជនល្មើសយកទៅបោះចោលនៅក្នុងប្រទេសបែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ ដើម្បីបំភ័ន្តការស៊ើបអង្កេត។

ប៉ូលិសហូឡង់បានថ្លែងថា «ភាគច្រើននៃជនរងគ្រោះទាំង ២២ នាក់នោះ ត្រូវបានសម្លាប់យ៉ាងឃោរឃៅ ហើយអ្នកខ្លះក៏ត្រូវបានគេរំលោភបំពាន ឬបង្អត់អាហារមុនពេលដែលពួកគេស្លាប់»។ ក្រុមប៉ូលិសបានសង្ឃឹមថា ការដឹងអំពីឈ្មោះរបស់ពួកគេ អាចនឹងផ្តល់ភស្តុតាងនាំទៅរកការកំណត់អត្តសញ្ញាណជនល្មើសបាន ហើយក៏អាចអនុញ្ញាតឱ្យពួកគេធ្វើការស៊ើបអង្កេតដឹងថាករណីខ្លះ អាចមានទំនាក់ទំនងនឹងគ្នាក៏ថាបាន។

ទន្ទឹមនឹងនេះ ប៉ូលិសអាល្លឺម៉ង់ក៏បានរំលេចដែរថា «នៅក្នុងការស៊ើបអង្កេតស្រដៀងគ្នានេះ ការបង្កើតអត្តសញ្ញាណជនរងគ្រោះ នឹងនាំទៅរកការចាប់ខ្លួនជនសង្ស័យបាន»។ ដូច្នេះ ក្រុមប៉ូលិស Interpol កំពុងធ្វើការផ្ដល់ព័ត៌មានលម្អិតអំពីករណីនីមួយៗជាសាធារណៈនៅលើគេហទំព័រខាងលើ ក្នុងនោះរួមមានដូចជាការកែទម្រង់មុខរបស់ស្ត្រីមួយចំនួន រូបភាពគ្រឿងអលង្ការ របស់របរផ្សេងទៀតដែលបានរកឃើញនៅជាប់នឹងសាកសពរបស់ពួកគេ និងទម្រង់សម្រាប់បំពេញអំពីលេខទំនាក់ទំនងសម្រាប់អ្នកដែលអាចមានព័ត៌មានណាមួយអំពីករណីនេះទាំងអស់នោះ។

លោកស្រី ស៊ូសាន ហ៊ីឈីន (Susan Hitchin) ដែលជាអ្នកសម្របសម្រួលអង្គភាពត្រួតពិនិត្យ DNA របស់ក្រុមប៉ូលិស​ Interpol បាននិយាយថា «ការកំណត់អត្តសញ្ញាណស្ត្រីទាំងនោះ អាចជួយក្នុងការស្វែងរកសមាជិកគ្រួសាររបស់ពួកគេឃើញបានដែរ»។ លោកស្រីបានបន្តថា «វា​ជារឿងដ៏គួរ​ឱ្យ​រន្ធត់​ណាស់ដែលអស់រយៈពេលជាច្រើន​ឆ្នាំមកហើយ នៅតែមិនទាន់អាចរក​ព័ត៌មាន​របស់ជនរងគ្រោះបាន និងមិន​ដឹង​ថា​មាន​អ្វីបាន​កើត​ឡើង។ យ៉ាងណាក៏ដោយ វាក៏ជារឿងដែលគួរឱ្យអាណោចអាធម្មទៅទៀត ប្រសិនបើសាច់ញាតិដឹងថាមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានគេសម្លាប់»។

លោកស្រីបានបន្ថែមថា «ខ្ញុំសង្ឃឹមថាសាធារណជននឹងអាចផ្ដល់ជូននូវព័ត៌មាន ឬទិន្នន័យថ្មីមួយចំនួនដែលប៉ូលិសអាចប្រើប្រាស់បានដើម្បីឈានទៅរកការកំណត់អត្តសញ្ញាណជនរងគ្រោះទាំងនេះ ហើយនៅទីបំផុត នឹងអាចនាំទៅរកការចាប់ជនល្មើសបាន»៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ AP News

22 dead women, no names: Interpol seeks clues on cold cases

https://apnews.com/article/police-germany-belgium-netherlands-killings-5252ba4847f98037ab5ed3252af11691

ads banner