អាមេរិក ​បើក​ស្ថានទូត​នៅ​កោះតុងហ្កា ដើម្បីទប់ទល់នឹងឥទ្ធិពល​ចិន​នៅ​តំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ីក

អាមេរិក៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបើកស្ថានទូតថ្មីនៅប្រទេសតុងហ្កា (Tonga) ដែលជាប្រទេសដែនកោះតូចមួយស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ ការបើកស្ថានទូតថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបង្កើនឥទ្ធិពលការទូតរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វ៊ិកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធ្យូ មីល័រ (Matthew Miller) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកបានបើកស្ថានទូតជាផ្លូវការហើយនៅក្នុងទីក្រុង នូគូអាលូហ្វា (Nuku’alofa) ប្រទេសតុងហ្កា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣»។

យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «ការបើកស្ថានទូតថ្មីនេះគឺជានិមិត្តរូបនៃការបន្តទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងជាការគូសបញ្ជាក់អំពីភាពរឹងមាំនៃការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះទំនាក់ទំនងទ្វេភាគី និងជាមួយប្រជាជនតុងហ្កាផ្ទាល់ ក៏ដូចជាភាពជាដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វ៊ិក»។

លោក មីល័រ បានបន្ថែមថា «ការបើកស្ថានទូតនេះនឹងអាចអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ជូនបុគ្គលិកការទូត និងធនធានផ្សេងៗបន្ថែមទៅកាន់ប្រទេសដែនដីកោះមួយនេះ រួមទាំងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅតុងហ្កាផងដែរ»។ គួរដឹងដែរថា សហរដ្ឋអាមេរិកបានមានទំនាក់ទំនងការទូតជាមួយប្រទេសតុងហ្កាចាប់តាំងពីឆ្នាំ១៩៧២មកម៉្លេះ។

គួររំឭកថា កាលពីដើមឆ្នាំ២០២៣ កន្លងទៅ ទីក្រុងវ៉ាស៊ីនតោនក៏បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅលើកោះ សូឡូម៉ន (Solomon) បន្ទាប់ពីអាមេរិកមិនបានបង្កើតទំនាក់ទំនងជាមួយកោះនេះអស់រយៈពេល ៣០ ឆ្នាំមកហើយ នេះបើយោងតាមលោក ដាញ៉ែល គ្រីតេនប្រ៊ិង (Daniel Kritenbrink) អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ីបូព៌ា។ លោកបានលើកឡើងកាលពីសប្តាហ៍មុនថា «ទីក្រុងវ៉ាស៊ីនតោនកំពុងបន្តបង្កើតទំនាក់ទំនងជាមួយប្រទេសវ៉ានូទូ (Vanuatu) និងគិរីបាទី (Kiribati) ក្នុងគោលបំណងបើកស្ថានទូតថ្មីនៅក្នុងប្រទេសដែនកោះទាំងនោះបន្ថែមទៀត»។

យ៉ាងណាក៏ដោយ បើទោះបីជាមានការផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយអាមេរិកក៏ដោយ ក៏កោះសូឡូម៉ន បានប្រកាសកាលពីខែមីនាថា ខ្លួនបានចុះកិច្ចសន្យាអនុញ្ញាតឱ្យក្រុមហ៊ុនចិនធ្វើការសាងសង់កំពង់ផែអន្តរជាតិមួយនៅក្នុងទីក្រុងហូនីអារ៉ា (Honiara) ក្នុងតម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិកឯណោះ។

ជាការកត់សម្គាល់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ដូចជាប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាដើម កំពុងមានការព្រួយបារម្ភថា ចិននឹងប្រើប្រាស់មហិច្ឆតារបស់ខ្លួនក្នុងការសាងសង់មូលដ្ឋានទ័ពជើងទឹកក្នុងតំបន់នេះ ដោយសារតែកោះសូឡូម៉ន បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំងកាលពីឆ្នាំមុនរួចស្រេចហើយ។

ក្រៅពីកោះសូឡូម៉ន និងកោះតុងហ្កា ទីក្រុងវ៉ាស៊ីនតោនក៏បាននិងកំពុងព្យាយាមបន្តកិច្ចព្រមព្រៀងជាមួយកោះម៉ាហ្សល (Marshall) កោះផាឡាវ (Palau) និងរដ្ឋសហព័ន្ធមីក្រូណេស៊ី (Micronesia) ក្រោមការអះអាងថាខ្លួនមានទំនួលខុសត្រូវក្នុងការការពារតំបន់កោះទាំងនេះ និងទទួលបានសិទ្ធិផ្តាច់មុខនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ិកមួយនេះ។

គួរដឹងដែរថា សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកបានធ្វើឡើងបន្ទាប់ពីសេតវិមានបានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងក្លាយជាប្រធានាធិបតីដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ដែលនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) នៅក្នុងខែនេះ បន្ទាប់ពីលោកបានទៅចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។ លោក បៃ ដិន ក៏បានបញ្ជាក់ពីគោលបំណងរបស់លោកដែលចង់លើកកម្ពស់ការវិនិយោគនៅក្នុងតំបន់ប៉ាស៊ីហ្វ៊ិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters

US opens embassy in Tonga in new pushback against China in Pacific

https://www.reuters.com/world/us-opens-embassy-tonga-new-pushback-against-china-pacific-2023-05-09/

ads banner