សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យឯកឧត្តម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី ឯកអគ្គរាជទូតជប៉ុន ដែលត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃអង្គារនេះ នៅវិមានសន្តិភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបឯកឧត្តម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី ឯកអគ្គរាជទូតជប៉ុនដែលត្រូវចប់អណត្តិការទូតនៅកម្ពុជាចូលជួបសំដែងការគួរសម​ និងជម្រាបលា។

ឯកឧត្តម អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឧត្តម ហ៊ីដេហ៊ីហ្សា បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមនឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។

ឯកឧត្តមបានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឯកឧត្តមបានសង្កេតឃើញថា ក្នុងរយៈពេល ៣ឆ្នាំ ក្នុងការបំពេញបេសកកម្មកាទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាទីបំផុតក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះឯកឧត្តមបានសូមគោរពសំដែងនូវការគោរព និងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកនេះ។

សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះសោតគឺទទួលបានអំពីការប្រឹងប្រែងរបស់ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែក យ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ ២០១៩នេះ ក្នុងរយៈពេល ត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។ ដោយឡែកនៅឆ្នាំ ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនចំនួនតែមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេ៉រិក។

នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១.៧០០លានដុល្លារ នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងន័យនេះសម្ដេចតេជោបានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មី របស់លោកទៅកាន់ប្រទេសហូឡង់បានទទួលជោគជ័យបន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner